(ស្ទឹងត្រែង)៖ រថយន្តយីឌុបពីរគ្រឿងរបស់ក្រុមហ៊ុនចិន បានធ្វើសកម្មភាពលួចដឹកឈើប្រណិតប្រភេទឈើលេខមួយ និងឈើលេខ២ ខុសពីច្បាប់អនុញ្ញាត ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែងចុះបង្ក្រាបភ្លាមៗ បន្ទាប់ពីរថយន្តនោះបានធ្វើចរាចរណ៍ចេញពីស្រុកសៀមប៉ាង កាលពីយប់រំលងអធ្រាត្រថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ កាត់តាមផ្លូវជាតិលេខ៧ ដល់ចំណុចភូមិគីឡូ៨ ។
មន្រ្តីអាវុធហត្ថបានឲ្យដឹងថា រថយន្តយីឌុបពីរគ្រឿង ដែលចេញពីស្រុកសៀមប៉ាង របស់ក្រុមហ៊ុនចិនដឹកឈើក្រៅលំដាប់ថ្នាក់ បានធ្វើចរាចរណ៍ចេញពីស្រុកសៀមប៉ាង កាត់តាមផ្លូវជាតិលេខ៧ មកដល់ចំណុចភូមិគីឡូ៨ សង្ស័យមានដឹកឈើមិនត្រឹមត្រូវតាមច្បាប់អនុញ្ញាត របស់រដ្ឋបាលព្រៃឈើ ក៏ត្រូវបានកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ចុះឃាត់បានភ្លាមៗ នឹងបង្កើតគណៈកម្មការត្រួតពិនិត្យ ដែលគេសង្ស័យថា មានដឹកឈើខុសពីច្បាប់រដ្ឋបាលព្រៃឈើអនុញ្ញាត។
ក្រោយឃាត់រថយន្តទាំងពីរគ្រឿង លោកវរសេនីយ៍ឯក ដួង វិចិត្រ បានប្រាប់ថា រថយន្ត២គ្រឿងនេះ បើតាមការត្រួតពិនិត្យបឋមឃើញថា ឈើទាំងនោះជាប្រភេទឈើលេខមួយ និងឈើលេខ២ ខុសពីច្បាប់អនុញ្ញាត។
បច្ចុប្បន្ននេះ កម្លាំងចម្រុះកំពុងតែចុះធ្វើការត្រួតពិនិត្យទៅលើរថយន្តទាំង ២គ្រឿងនេះ តើត្រឹមត្រូវតាមច្បាប់អនុញ្ញាតដែរឬទេ ហើយបើសិនជាឈើទាំងនោះខុស នឹងច្បាប់អនុញ្ញាតសមត្ថកិច្ចជំនាញ និងចាត់វិធានការតាមច្បាប់៕