(ភ្នំពេញ)៖ សមាគមសិល្បៈជប៉ុនកម្ពុជា (JCPAA) បានបន្ដរៀបចំការប្រគំតន្ដ្រី World Music Project Concert ឆ្នាំ២០១៩ ដើម្បីស្វែងរកតន្ដ្រីករឆ្នើមវ័យក្មេងកម្ពុជា និងទទួលបានអាហារូបករណ៍តន្ដ្រីបន្ដសិក្សាផ្នែកបច្ចេកទេសបន្ថែម នៅជប៉ុន។ ការប្រគំតន្ដ្រីក្លាស៊ីកនេះ បានធ្វើនៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) កាលពីយប់មិញ ដោយមានការសម្ដែងរបស់ក្រុម World Music Project មកពីប្រទេសជប៉ុន និងមានអ្នកចូលរួមជាង ៣០០នាក់ផងដែរ។
អ្នកស្រី អ៊ីកិដា ហ៊ិសាកុ ប្រធានសមាគមសិល្បៈជប៉ុនកម្ពុជា បានឲ្យដឹងថា នេះគឺជាលើកទី៤ ហើយ ដែលសមាគមលោកស្រីបានរៀបចំកម្មវិធីប្រគំតន្ដ្រីនេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយអំពីទេពកោសល្យ ក្នុងការសម្ដែងជាមួយនឹងឧបករណ៍តន្ដ្រី ពិសេសការច្រៀងដោយមិនប្រើមីក្រូហ្វូន ប្រកបដោយគុណភាព និងគួរឲ្យភ្ញាក់ផ្អើល សម្រាប់ប្រជាពលរដ្ឋ និងយុវជនកម្ពុជា បានស្គាល់ និងទស្សនាកម្សាន្ដ។
ប៉ុន្ដែទន្ទឹមជាមួយការប្រគំតន្ដ្រីនេះ សមាគមក៏បានរៀបចំកម្មវិធី «Catch A Cambodian Star» ដើម្បីធ្វើការប្រកួតប្រជែងអាហារូបករណ៍តន្ដ្រី តាមរយៈការស្វែងរកតន្ដ្រីករឆ្នើម វ័យក្មេងកម្ពុជា ហើយធ្វើការគាំទ្រ និងអប់រំបណ្ដុះបណ្ដាលបន្ថែម សម្រាប់អ្នកទទួលបានជ័យលាភី ដោយអាចទទួលបានការគាំទ្រផ្នែកបច្ចេកទេស ដើម្បីឈានទៅដល់ស្ដង់ដារពិភពលោក ដូចជាការចូលរួមប្រកួតប្រជែងលើឆាកអន្ដរជាតិផងដែរ។
បន្ថែមលើនេះ អ្នកស្រីបានអះអាងថា នេះមិនមែនជាសកម្មភាពចុងក្រោយនោះទេ ពោលគឺសមាគមមានទិសដៅវែងឆ្ងាយ ជាមួយនឹងការប្រគំតន្ដ្រីក្លាស៊ីកនេះ។ មិនតែប៉ុណ្ណោះ លោកស្រីក៏បានធ្វើការកោតសរសើរ ចំពោះភាពរីកចម្រើនរបស់តន្ដ្រីករវ័យក្មេងកម្ពុជាបច្ចុប្បន្ន ដែលមានទេពសសល្យ និងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ ដូច្នេះតាមរយៈកម្មវិធី «Catch A Cambodian Star» សមាគមនឹងចម្រាញ់បានធនធានតន្ដ្រីករឆ្នើមកម្ពុជាកាន់តែច្រើននាថ្ងៃអនាគត៕