(ក្រចេះ)៖ អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានជំរុញឲ្យនគរបាលជំនាញស្រុក ក្រុង បន្តសកម្មភាពយកចិត្តទុកដាក់បង្រ្កាបបទល្មើសគ្រឿងញៀន និងអំពាវនាវដល់ជនរងគ្រោះដោយគ្រឿងញៀន ដែលកំពុងតែអប់រំកែប្រែបន្សាបគ្រឿងញៀននៅមណ្ឌលកែប្រែ «ក្រចេះឱកាសថ្មី» ឲ្យខិតខំកែប្រែខ្លួនដើម្បីអនាគតទៅថ្ងៃមុខ។
ថ្លែងនៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៨ និងផ្សព្វផ្សាយផែនការស្តីពី យុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ របស់រាជរដ្ឋាភិបាលដែលបានធ្វើឡើង នៅរសៀលថ្ងៃទី២៧ ខែមីនា អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានសម្តែងការកោតសសើរដល់កងកម្លាំងនគរបាលជំនាញខេត្ត ស្រុក និងក្រុង ក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត លើកិច្ចខិតខំប្រឹង ប្រែងទប់ស្កាត់បង្រ្កាបបទល្មើសគ្រឿងញៀន ធ្វើឲ្យតួរលេខ នៃបទល្មើសនេះមានអត្រាធ្លាក់ចុះ គួរឲ្យកត់សម្គាល់។ តែយ៉ាងណាលោកអភិបាលខេត្ត បានជំរុញឲ្យសមត្ថកិច្ច ពាក់ព័ន្ធយកចិត្តទុកដាក់អនុវត្តបន្តបន្ថែមទៀត។
បើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ទោ លន់ សុផាត សកម្មភាពបង្រ្កាបបទល្មើសគ្រឿងញៀនក្នុងឆ្នាំ២០១៨ អនុវត្តបានចំនួន១០៤ លើកចាប់ខ្លួនជនសង្ស័យបាន២០០នាក់ ស្រី៣៣នាក់។ ចាប់បង្រ្កាបបានគ្រឿងញៀនប្រភេទ មេតំហ្វេតាម៉ីន បានចំនួន៥៦៨កញ្ចប់ បរិមាណស្មើរនិងជាង៤គីឡូក្រាម។
ចំពោះការងារស្តារនីតិសម្បទា ត្រូវបានលោកឧត្តមសេនីយ៍ទោ លន់ សុផាត បញ្ជាក់ថា ខេត្តក្រចេះមានមណ្ឌលសម្រាប់ផ្តាច់សារធាតុញៀន១កន្លែង ឈ្មោះថា «ក្រចេះឱកាសថ្មី»។
លោកថា ឆ្នាំ២០១៨ មជ្ឈមណ្ឌលអប់រំ ព្យាបាល បន្សាប និងស្តានីតិសម្បាទាអ្នកញៀនគ្រឿងញៀន «ក្រចេះឱកាសថ្មី» មានទីតាំងនៅស្ថិតក្នុងបរិវេណការិយាល័យការពារ និងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ទទួលបានអ្នកជាប់គ្រឿងញៀនចំនួន៨៣នាក់ ស្រី១នាក់ សមហារកម្មចេញពីមណ្ឌល៧៥នាក់ ស្រី១នាក់ និងកំពុងសម្រាកព្យបាលក្នុងមណ្ឌលចំនួន ៣៤នាក់។
អភិបាលខេត្តក្រចេះលោក វ៉ា ថន នៅរសៀលថ្ងៃដដែលក៏បានដឹកនាំចុះទៅពិនិត្យ មើលស្ថានភាពរបស់នៅរបស់ជនជាប់គ្រឿងញៀនដែលកំពុងតែស្នាក់នៅក្នុងមណ្ឌលកែប្រែ។
លោកអភិបាលខេត្ត ក៏បាននាំយកនូវថវិការចំនួន២លានរៀលព្រមទាំងអង្កចំនួន២តោន និងក៏មានគ្រឿងឧបភោគបរិភោគមួយចំនួនធំទៀតផងដែរ ផ្តល់ជូនដល់អង្គភាពស្នងការដ្ឋាន សម្រាប់ទ្រទ្រង់ក្នុងមណ្ឌលកែប្រែ៕