(ព្រះសីហនុ)៖ សាលាខេត្តព្រះសីហនុ បាននិងកំពុងត្រៀមខ្លួនរៀបចំទទួលទេវតាឆ្នាំថ្មី ឲ្យអធិកអធមជាងសព្វដង និងដើម្បីផ្តល់ការកម្សាន្តសប្បាយដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ នៅក្នុងកម្មវិធី «សង្ក្រាន្តសមុទ្រ» នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុងនេះ។
នាអំឡុងពេល ២-៣ឆ្នាំចុងក្រោយនេះ ដោយសារកំណើនយ៉ាងគំហុក នៃចរន្តវិនិយោគិនពីបរទេស ដែលនាំមកនូវការសាងសង់សំណង់តូចធំខ្ពស់ទាបរាប់រយគម្រោង ហើយសកម្មភាពសាងសង់ សំណង់ទាំងនោះ ក៏បានធ្វើឲ្យមានផលរំខានខ្លះៗ ដល់ដំណើរទេសចរណ៍សម្រាប់ភ្ញៀវទេសចរទូទៅក៏ពិតមែន ក៏ប៉ុន្តែដើម្បីស្តារមុខមាត់ខេត្តទេសចរណ៍ ជាប់មាត់សមុទ្រដែលធ្លាប់ មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយនេះឡើងវិញផង និងការត្រៀមរៀបចំ «សង្ក្រាន្តសមុទ្រ» ដើម្បីទទួលទេវតាឆ្នាំថ្មីនាឱកាសបុណ្យចូលឆ្នាំថ្នីប្រពៃណីជាតិខ្មែរខាងមុខនេះផង រដ្ឋបាលខេត្តព្រះសីហនុ ដែលដឹកនាំដោយលោក យន្ត មីន និងមន្រ្តីមូលដ្ឋាន បាននិងកំពុងដុតដៃដុតជើងយ៉ាងមមាញឹកក្នុងការសំអាតបរិស្ថាន រៀបចំសណ្តាប់ធ្នាប់សាធារណៈ ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវ ដែលមកចូលរួមកម្មវិធីសង្ក្រាន្តសមុទ្រ ដែលគ្រោងនឹងរៀបចំធ្វើនៅឆ្នេរឯករាជ្យ ឬឆ្នេរអូតែល៧ជាន់ នាអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីចាប់ពីថ្ងៃ១៤-១៥-១៦ ខែមេសាខាងមុខនេះ។
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេចរណ៍ខេត្តព្រះសីហនុ ធ្លាប់បានឲ្យដឹងថា អាជ្ញាធរខេត្តពិតជាបានត្រៀមខ្លួនរៀបចំ ឲ្យមានកម្មវិធីសង្ក្រាន្តសមុទ្រសម្រាប់អបអរសារទរពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះមែន ដោយគណៈកម្មការរៀបចំពិធីនេះរបស់សាលាខេត្ត គ្រោងរៀបចំពិធីសង្ក្រាន្តសមុទ្រនៅឆ្នេរឯករាជ្យតែម្តង ព្រោះទីនោះមានផ្លូវថ្នល់ធំៗ និងមានទីធ្លាធំទូលាយល្អ មានសួនច្បារល្អស្អាតស្រាប់ មានទាំងដើមរុក្ខជាតិធំៗជាច្រើនសម្រាប់ផ្តល់ជាម្លប់គ្រប់គ្រាន់នៅពេលថ្ងៃក្តៅ និងអំណោយផលល្អទាំងពេលយប់ ទីនោះមានភាពងាយស្រួលដល់ការសាងសង់ឆាកវេទិកា ងាយស្រួលទាំងការរៀបចំពិធីផ្សេងៗ គឺរួមមានទាំងពិធីតាបបែបសាសនា, ការលេងល្បែងកម្សាន្តប្រជាប្រិយនានា, ការសម្តែងសិល្បៈប្រពៃណី និងសិល្បៈសហសម័យ, ការប្រគុំតន្រ្តីសម័យ និងការរៀបចំឲ្យមានស្តង់តាំងពិព័ណ៌ជាង ២០០ស្តង់ សម្រាប់លក់ផលិតផលក្នុងស្រុក និងសេវាផ្សេងៗ។
ពាក់ព័ន្ធទៅនឹងទីកន្លែងស្នាក់នៅសម្រាប់ភ្ញៀវទូទៅ លោក សុចិត្រគ្រឹស្នា បានបន្តថា នាពេលបច្ចុប្បន្ននេះ នៅទូទាំងក្រុងព្រះសីហនុ មានបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ចំនួនជាង ១ម៉ឺនបន្ទប់សម្រាប់ភ្ញៀវជួលស្នាក់នៅ អំឡុងពេលពួកគាត់មកកម្សាន្តនៅទីនេះ។ បន្ថែមលើសពីលើកន្លែងស្នាក់នៅ ខេត្តព្រះសីនុ ក៏សម្បូរទៅដោយភោជនីយដ្ឋាន និងអាហារដ្ឋានជាង ៣០០កន្លែងសម្រាប់ទទួលផ្គត់ផ្គង់ម្ហូបអាហារជូនភ្ញៀវទូទៅផងដែរ។
លោក លីម ចាន់ភារុន តំណាងក្រុមហ៊ុនប្ល៊ូមីឌាបានឲ្យដឹងថា ខាងក្រុមហ៊ុនប៊្លូមីឌាបានសហការជាមួយសាលាខេត្ត ដើម្បីត្រៀមរៀបចំកម្មវិធី «សង្ក្រាន្តសមុទ្រ» សម្រាប់អបអរសទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពាក់កណ្តាលខែមេសាខាងមុងនេះ។
លោកបានបន្តថា «យើងនឹងរៀបចំជាឆាកវេទិកាធំមួយ សម្រាប់ពិធីទទួលទេវតាឆ្នាំថ្មី របស់មន្ត្រីរាជការចំណុះសាលាខេត្ត ការសម្តែងរបាំត្រុដិ ពិធីរាប់បាត្រព្រះសង្ឃ១១៩អង្គ ពិធីស្រង់ព្រះនៅថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំ (ក្រោយស្រង់ព្រះនឹងមានរៀបចំឲ្យមានការបាញ់ទឹកកម្សាន្ត) ការលេងល្បែងប្រជាប្រិយផ្សេងៗ (បោះឈូង បោះអង្គុញ ទាញព្រ័ត្រ, វាយក្អម, លោតក្នុងបាវជាដើម) មានការប្រគុំតន្រី្តសម្រាប់រាំលេងកម្សាន្ត ការសម្តែងសិល្បៈប្រពៃណីនិងសិល្បៈសហសម័យ ពិធីបណ្តែតគោមទឹកនិងពិធីបង្ហោះគោមជាដើម និងកម្មវិធីតាំងពិព័ណ៌លក់ផលិតផលផ្សេងៗចំនួនជិត ៣០០ស្តង់ ហើយនៅចន្លោះស្តង់នីមួយៗ មានការតុបតែងលម្អផ្សេងៗគ្នាដោយភ្លើង មានដាក់ជាកន្លែងផាត់-គូរមុខកម្សាន្ត ការស្លៀកពាក់សម្លៀកបំពាក់បុរាណពីសម័យលង្វែក មានតួត្លុក (Masscott) សម្រាប់ភ្ញៀវថតរូបកម្សាន្តជាអនុស្សាវរីយ៍។ បន្ថែមលើសពីនោះទៀត យើងក៏ត្រៀមរៀបចំឲ្យមានទីកន្លែងសម្រាប់បាញ់ទឹក (គឺបន្ទាប់ពីពិធីស្រង់ព្រះរួចហើយ) នាពេលណាថ្ងៃមានកម្តៅខ្លាំងផងដែរ»។
លោក លីម ចាន់ភារុន បន្តថា តាមការគ្រោងទុកកម្មវិធី នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ សម្រាប់កម្មវីធីសង្ក្រាន្តសមុទ្រ ប៉ុន្តែដោយឡែកសម្រាប់កម្មវិធីតាំងពិព័ណ៌លក់ផលិតផលនានានោះ គណៈកម្មការបានត្រៀមរៀបចំឲ្យមានរយៈពេលច្រើនថ្ងៃ (ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៩)។
ហើយគណៈកម្មការរៀបចំត្រៀមនឹងរៀបចំឲ្យមានជាកម្មវិធីវិធីកម្សាន្តប្លែកគ្នាជាច្រើននៅតាមថ្ងៃនីមួយៗក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីនេះ ដើម្បីឲ្យស្របទៅតាមប្រពៃណីជាតិខ្មែរផង និងការកម្សាន្តសប្បាយសម្រាប់ប្រជាពលរដ្ឋទូទៅផង៕