(ភ្នំពេញ)៖ ក្រុមហ៊ុន Cellcard បានប្រកាសធ្វើការផ្ដល់ជូនម៉ាស៊ីនភ្លើង ចំនួន៦០គ្រឿង ទៅដល់អតិថិជនរបស់ខ្លួន ដែលកំពុងជួបបញ្ហា កង្វះថាមពលអគ្គិសនី នៅទូទាំងប្រទេស។
ក្រុមហ៊ុន Cellcard នឹងធ្វើការបញ្ចូលរង្វាន់នេះ ទៅក្នុងចំណោមរង្វាន់ជាច្រើន សន្ធឹកសន្ធាប់ផ្សេងទៀត នៅក្នុងកម្មវិធីដែលទទួលបាន ការគាំទ្រដ៏ច្រើនរបស់ខ្លួន គឺកម្មវិធី «បញ្ចូលលុយ ហើយឈ្នះ» ដែលនឹងផ្តល់រង្វាន់ ជារៀងរាល់ថ្ងៃ ដល់អ្នកដែលធ្វើការបញ្ចូលទឹកប្រាក់ យ៉ាងតិច១ដុល្លារ ទៅក្នុងគណនី។
លោក Ian Watson នាយកប្រតិបត្តិ នៃក្រុមហ៊ុន Cellcard បាននិយាយថា ជាធម្មតាក្រុមហ៊ុន នឹងធ្វើការផ្តល់រង្វាន់ជា ទូរស័ព្ទ ម៉ូតូ ទិន្នន័យអ៊ីនធើណិត និងនាទីបន្ថែមសម្រាប់តេ ប៉ុន្តែពួកយើងចង់ផ្តល់អ្វី ដែលជាតម្រូវការ ចាំបាច់ដូចជា ម៉ាស៊ីនភ្លើងទៅដល់ក្រុមគ្រួសារ ដែលកំពុងរងផលប៉ះពាល់ ពីកង្វះថាមពលអគ្គិសនី។
លោក Watson បានថ្លែងថា «ដោយសារតែការផ្គត់ផ្គង់អគ្គិសនី នាពេលបច្ចុប្បន្នមានការខ្វះខាត ពួកយើងដឹងថាតម្រូវការម៉ាស៊ីនភ្លើង គឺពិតជាមានភាពចាំបាច់ ហើយតម្លៃរបស់វា ក៏មានការកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃដែរ»។
លោកបន្តថា «ម៉ាស៊ីនភ្លើងទាំងនេះ នឹងជួយសម្រួលដល់គ្រួសារ ដែលរងផលប៉ះពាល់ក្នុងការបំពេញកិច្ចការងារដូចជាបូមទឹក ផ្គត់ផ្គង់អគ្គិសនីនៅក្នុងផ្ទះ និងការប្រកបរបរផ្សេងៗជាដើម»។ លោក ក៏បានបន្ថែមទៀតថា ក្រុមហ៊ុន Cellcard ក៏បាននឹងកំពុងធ្វើការ បន្ថែមចំនួនម៉ាស៊ីនភ្លើងចល័ត នៅតាមតំបន់ផ្គត់ផ្គត់សេវា ក៏ដូចជាតាមទីតាំងបង្គោលអង់តែន នៅតាមបណ្តាខេត្តជាដើម។
លោក Watson បាននិយាយថា «៧០% នៃអង់តែនសេវារបស់ពួកយើង គឺត្រូវបានផ្គត់ផ្គង់ ដោយថាមពលពន្លឺព្រះអាទិត្យ ហើយជាមួយនឹងជំនួយបន្ថែមពីម៉ាស៊ីនភ្លើង អតិថិជនរបស់ពួកយើង នឹងនៅតែអាចប្រើប្រាស់បណ្តាញទូរស័ព្ទ ប្រកបដោយគុណភាព និងប្រើបាស់សេវាកម្ម ដែលអាចជឿទុកចិត្តបាន»។
លោកបានបន្ថែមថា «អ៊ីនធើណេត Cellcard 4G LTE គឺជាបណ្តាញទូរស័ព្ទដែលលឿនបំផុត និងគួរជាទីទុកចិត្ត នៅក្នុងប្រទេសកម្ពុជា ហើយពួកយើងនឹងនៅតែបន្ត ផ្តល់ជូនសេវាកម្មរបស់ពួកយើងឲ្យបានល្អ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ រួមទាំងបញ្ហាកង្វះអគ្គិសនីនេះផងដែរ»។
សូមបញ្ជាក់ថា កម្មវិធី «បញ្ចូលលុយហើយឈ្នះ» ដែលមានម៉ាស៊ីនភ្លើងជារង្វាន់ បន្ថែមលើរង្វាន់ផ្សេងៗទៀត នឹងចាប់ផ្ដើមដំណើរការរយៈពេល ៦០ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី២៥ ខែឧសភា៕