(សៀមរាប)៖ កម្លាំងផែនអន្តោប្រវេសន៍ បានសហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ក្រោមការសម្របសម្រួលពីលោក សំរិទ្ធ សុខុន និងលោក ស្រេង វធ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះប្រត្តិការបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើសភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធ Internet Game online ដែលមានទីតាំងស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមារាប ចំនួនពីរទីតាំង។
ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ពិតជាមានករណីនេះមែន ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់លម្អិតនៅឡើយទេ ដោយកំពុងជាប់ប្រជុំនៅឡើយ។
របាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរងនគរបាលទទួលផែនអន្តោប្រវេសន៍បានបង្ហាញថា ពេលចុះបង្ក្រាបនោះកម្លាំងបានរកឃើញជនជាតិចិនសរុបចំនួន ១៦៣នាក់ ស្រី ៤០ន និង Computer ប្រមាណ១៥០គ្រឿង កំពុងប្រព្រឹត្តបទល្មើស។
បច្ចុប្បន្នសមត្ថកិច្ចកំពុងដំណើរការនីតិវិធី បញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីសាកសួរបំភ្លឺ៕