(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរប្រមាណ ៩៩.៣ភាគរយ កំពុងមានការងារធ្វើ ដោយក្នុងនោះ មានអ្នកប្រើប្រាស់កម្លាំងពលកម្ម ប្រមាណ ១០លាននាក់ផងដែរ។
ការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប១០០ឆ្នាំ ថ្ងៃបង្កើតអង្គការអន្តរជាតិខាងការងារ (ILO) និងខួប៥០ឆ្នាំ ដែលកម្ពុជាក្លាយជាសមាជិកអង្គការ ILO។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កម្ពុជាបានក្លាយជាសមាជិក ILO នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៦៦ ដែលកិច្ចសហប្រតិបត្តិការជាមួយ ILO បានចាប់ផ្តើមរីកចម្រើនខ្លាំង ពីឆ្នាំ១៩៩២ មកដល់បច្ចុប្បន្ន។ កម្ពុជាក៏ធ្លាប់ចាប់ឆ្នោតជាសមាជិកពេញសិទ្ធិ នៃក្រុមប្រឹក្សាភិបាល ILO ពីឆ្នាំ២០១៤ ដល់ ២០១៧ ហើយបានខិតខំបំពេញតួនាទីក្នុងនាមជាសមាជិក បានយ៉ាងល្អប្រសើរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតការងារជូនប្រជាពលរដ្ឋបានយ៉ាងច្រើនក្នុងអត្រា ៩៩.៣ ភាគរយ នៃកម្លាំងពលកម្មសរុប ១០លាននាក់ រួមមានកម្មករ និយោជិតសេដ្ឋកិច្ចក្នុងប្រព័ន្ធជិត១.៥លាននាក់ កម្មករនិយោជិតសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២.៤លាននាក់ វិស័យកសិកម្មជាង៤លាននាក់ ពលករធ្វើការក្រៅប្រទេស១.២លាននាក់ និងមន្រ្តីសាធារណៈប្រមាណ៥០ម៉ឺននាក់»។
ដើម្បីជំរុញការអនុវត្តគោលនយោបាយ ស្តីពីការអភិវឌ្ឍមុខរបរ និងការងារនេះ សម្តេចបានដាក់ចេញយុទ្ធនាការចុះជួបកម្មករ និយោជិត ជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី២០ ខែសីហា ២០១៧ រហូតមកដល់ពេលនេះ ដែលមាន ចំនួនសរុប១៩ខែ និងមានចំនួន៦៦លើក សរុបកម្មករ និយោជិត ៩.៥សែននាក់។ ក្នុងអំឡុងពេលចុះជួបកម្មករនេះ សម្តេចបានរកឃើញបញ្ហាមួយចំនួន ព្រមទាំងបានដាក់ចេញគោលការណ៍ និងវិធានការជាច្រើន ដើម្បីដោះស្រាយបញ្ហាទាំងនោះជាបន្តបន្ទាប់ផងដែរ៕