(អាមេរិក)៖ តបតាមការអញ្ជើញរបស់ លោក Antonio Guterres អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ, សម្ដេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅដល់ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២៧ ខែមីនាឆ្នាំ ២០១៩ ដើម្បីចូលរួមក្នុងប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិស្តីពីការរក្សាសន្តិភាព ដែលនឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩។

នៅក្នុងអំឡុងពេលបំពេញការងាររយៈពេល ៤ថ្ងៃនៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក សម្ដេចពិជ័យសេនា ទៀបាញ់ ព្រមទាំងគណៈប្រតិភូ និងចូលជួបសម្តែងការគួសមជាមួយ លោក Jean Pierre Lacroix អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព និងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ ស្ដីពីកិច្ចការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅឯទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិស្ដីពីកិច្ចការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ឆ្នាំ២០១៩ នឹងផ្ដល់ជាវេទិកា និងបង្កើតសមត្ថភាពជំនាញចាំបាច់ សម្រាប់កិច្ចសហប្រតិបត្តិការ រក្សាសន្តិភាពនាពេលបច្ចុប្បន្ន ក៏ដូចជាឆ្លុះបញ្ចាំងពីកិច្ចប្រឹងប្រែង ពង្រឹងការងារនេះ តាមរយៈគំនិតផ្ដួចផ្ដើមសកម្មភាព សម្រាប់ការរក្សាសន្តិភាពដោយផ្ដោតលើសមត្ថភាពជំនាញ ការអនុវត្ត និង ការការពារជនស៊ីវិល៕