(ភ្នំពេញ)៖ នៅពេលនេះការពិតដែលមហាជនទូទាំងប្រទេសចង់ដឹង ចង់ឮ ចង់ស្គាល់ តើអ្នកបើករថយន្តបង្ក Range Rover ពាក់ផ្លាកលេខភ្នំពេញ 2AF-7777 បុកនិស្សិតស្រី ឌុំ រីដា ជានរណា ត្រូវបានលាតត្រដាងហើយ? មន្រ្តីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះថា អ្នកបើករថយន្តបង្កដែលអ្នកលេងតាមបណ្តាញសង្គម Facebook ចង់ឲ្យមកទទួលទោសតាមច្បាប់នោះ គឺជានារីវ័យក្មេងម្នាក់ ឈ្មោះ យិន ម៉ាណា។
មន្រ្តីនគរបាលជាន់ខ្ពស់ ថ្លែងសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់យ៉ាងច្បាស់ៗប្រាប់បណ្តាញព័ត៌មាន Fresh News ថា អ្នកបើកបរឈ្មោះ យិន ម៉ាណា ជាកូនស្រីរបស់លោក យិន ង្គិច ដែលបានចូលទៅបំភ្លឺនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីម្សិលមិញ (ថ្ងៃទី២៧ ខែមីនា) ដោយមកទទួលខុសត្រូវទាំងស្រុង ចំពោះគ្រោះថ្នាក់ចរាចរណ៍មួយនេះ។ ហើយចំណុចសំខាន់នោះគឺនៅចំពោះសមត្ថកិច្ចចរាចរណ៍ លោក យិន ង្គិច បានយល់ព្រមសារភាពថា «អ្នកបើករថយន្តនោះជាកូនស្រីរបស់ខ្លួនពិតប្រាកដមែន ហើយលោកក៏បានយល់ព្រមផ្តិតមដៃនៅលើកិច្ចសន្យាផងដែរ»។
មន្រ្តីនគរបាលជាន់ខ្ពស់ដដែលរូបនោះបានរៀបរាប់ថា មុនពេលមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ នារីបង្ករួមជាមួយមិត្តភក្តិជំទង់ៗដូចគ្នាចំនួន៤នាក់ (ប្រុស៣នាក់) បានបើករថយន្ត Range Rover បានចូលទៅហាងបុកល្ហុកមួយកន្លែងនៅក្បែរនោះ។ ក្រោយពីហូបអីនៅក្នុងហាងរួចហើយ នារីបង្កបានឡើងបើករថយន្តវិញ អមដោយអ្នកជិះជាមួយគឺជាមិត្តភក្តិចំនួន២នាក់ (ស្រីម្នាក់ និងប្រុសម្នាក់) រួចបើកយ៉ាងលឿនចេញ ទៅរហូតបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះតែម្តង។
មន្រ្តីនគរបាលជាន់ខ្ពស់រូបនេះ បានបន្តទៀតថា នៅចំពោះមុខសមត្ថកិច្ច លោក យិន ហ្គិច បានសន្យាថានឹងនាំខ្លួនកូនស្រីមកប្រគល់ជូនសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក មានរថយន្ត Rang Rover ផ្លាកលេខភ្នំពេញ 2AF-7777 បានបើកលឿន ហើយទៅបុកនារីរងគ្រោះជានិស្សិតនៅសាលាផារ៉ាហ្គន ខណៈនាងកំពុងបើកម៉ូតូ បណ្តាលឲ្យទាំងម៉ូតូនិងមនុស្សប៉ើងដូចសី ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ ករណីនេះត្រូវគេបានទម្លាយតាមរយៈវីដេអូសុវត្ថិភាពមួយនៅក្បែរកន្លែងកើតហេតុ ដែលមើលទៅកើតឡើងយ៉ាងរន្ធត់ នាំឲ្យម្នាក់ៗប្រកាសថ្កោលទោសខ្លាំងៗ និងសុំឲ្យសមត្ថកិច្ចតាមចាប់ជនបង្កឲ្យបាន។
នារីរងគ្រោះមានឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលត្រូវឪពុកម្តាយរបស់នាងបានប្រាប់ថា ជាសិស្សពូកែទូទាំងប្រទេស ម្នាក់ខាងអក្សរសាស្រ្តខ្មែរ រហូតទទួលបានអាហារូបករណ៍នៅសាលា «ផារ៉ាហ្គន» តែម្តង។ ដោយឡែករថយន្តបង្កខាងលើនេះ ត្រូវបានសមត្ថកិច្ចប្រទះឃើញនៅតាមបណ្តោយផ្លូវសឡា (៣៧១) សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ នាកណ្តាលរាត្រីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ហើយក៏ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។
មហាជនសម្តែងការសោកស្តាយរឹតតែខ្លាំង ហើយចាត់ទុកមរណភាពរបស់កញ្ញា ជាការបាត់បង់នូវធនធានមនុស្សមួយរូប ដែលបានប្រឹងប្រែងសិក្សារៀនសូត្រ ហើយក៏ជាការសម្លាប់ក្តីរំពឹងដ៏ធំធេង របស់ក្រុមគ្រួសារ។ បច្ចុប្បន្នសពរបស់កញ្ញា ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនានៅស្រុកកំណើតអារម្មណ៍ក្តុកក្តួលរំជួលចិត្តឥតឧបមា។
ក្រោយពីមហាជនប្រកាសថ្កោលទោសព្រោងព្រាត រហូតមានបទបញ្ជាពីប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យកម្លាំងសមត្ថកិច្ច តាមចាប់អ្នកបើករថយន្ដបង្កនោះ៕