(បាត់ដំបង)៖ រោងជាងកណ្តាលស៉ីម៉ាក់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ មានទីតាំងស្ថិតនៅភូមិអណ្ដូងចេញ ឃុំអូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ អគាររោងជាងនេះ មានទីតាំងថែទាំ និងជួសជុលរថយន្តសណ្តោង ទីតាំងថែទាំ និងជួសជុលគ្រឿងចក្របោសសម្អាតមីន និងទីតាំងជួសជុលគ្រឿងចក្រសំណង់ផ្សេងៗផងដែរ។
លោក មល់ រើយ ប្រធានរោងជាងកណ្តាលស៉ីម៉ាក់ បានឲ្យដឹងថា ក្នុងមួយឆ្នាំៗរោងជាងនេះ មានសមត្ថភាពថែទាំ និងជួសជុលជាមធ្យមរថយន្តគ្រប់ប្រភេទប្រមាណ ៤០០គ្រឿង, ម៉ាស៉ីនរាវមីនគ្រប់ប្រភេទប្រមាណ ២៥០គ្រឿង និងគ្រឿងចក្រគ្រប់ប្រភេទប្រមាណ ៧០គ្រឿង។ លោកថាក្នុងមួយឆ្នាំ រថយន្ត ឬគ្រឿងចក្របោសសម្អាតមីនមួយ អាចមានការថែទាំ និងជួសជុល លើសពី១លើក។
សូមបញ្ជាក់ថា អគាររោងជាងកណ្តាលស៉ីម៉ាក់ ត្រូវបានកសាងឡើងក្នុងឆ្នាំ២០០៥ ក្រោមជំនួយឥតសំណងពីប្រជាជន និងរដ្ឋាភិបាលជប៉ុន ក្នុងគម្រោងកែលម្អសំភារបោសសម្អាតមីនដំណាក់កាលទី៤។ ការកសាងអគាររោងជាងនេះ គឺសំដៅលើកកម្ពស់ប្រសិទ្ធភាពក្នុងការថែទាំ និងជួសជុលគ្រឿងចក្របោសសម្អាតមីនធុនធ្ងន់ រថយន្តគ្រប់ប្រភេទ និងសំភារបោសសម្អាតមីននានា ដើម្បីគាំទ្រដល់កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម របស់អង្គភាពស៉ីម៉ាក់នៅទូទាំងប្រទេសកម្ពុជា។
យោងតាមរបាយការណ៍របស់ JICA បានឲ្យដឹងដែរថា តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៨ ជប៉ុនបានចូលរួមជាមួយកម្ពុជា សម្រេចរំដោះមីនបានផ្ទៃដីជាង ១ពាន់គីឡូម៉ែត្រក្រឡា និងបានកម្ទេចចោលគ្រាប់មីនគ្រប់ប្រភេទ សរុបចំនួនជិត៤លានគ្រាប់។ ក្រៅពីនេះ ជប៉ុន ក៏បានរួមចំណែកធ្វើឲ្យចំនួនជនរងគ្រោះដោយសារមីនធ្លាក់ចុះពីជាង ៤ពាន់នាក់ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៥៨នាក់ ក្នុងឆ្នាំ២០០៨។
ជាមួយគ្នានេះលោកប្រធានរោងជាង បានឲ្យដឹងថា ក្រោយការសាងសង់អគាររោងជាង ដោយមានជំនួយពីរដ្ឋាភិបាលជប៉ុន ឧបករណ៍ជួសជុល និងសម្ភារបច្ចេកទេសសំខាន់ៗជាច្រើន ត្រូវបានបំពាក់ជាបន្តបន្ទាប់ ដែលធ្វើឲ្យរោងជាងកណ្តាលស៉ីម៉ាក់នេះ អាចបំពេញតួនាទីរបស់ខ្លួនដោយរលូន និងមានប្រសិទ្ធភាព។ បន្ថែមលើការបំពាក់ឧបករណ៍ជួសជុល និងសម្ភារបច្ចេកទេស រោងជាងស៉ីម៉ាក់ ក៏ទទួលបានជំនួយជាទីប្រឹក្សាបច្ចេកទេសជប៉ុន ហើយដែលតាមរយៈជំនួយនេះ បានជួយពង្រឹង និងកសាងសមត្ថភាពដល់បុគ្គលិករោងជាង ឲ្យមានជំនាញ និងលទ្ធភាពក្នុងការគ្រប់គ្រង ថែទាំ និងជួសជុលរថយន្ត និងសម្ភារបោសសម្អាតមីនគ្រប់ប្រភេទ ពិសេសគ្រឿងចក្របោសសម្អាតមីនធុនធ្ងន់ (២៥ទៅ៣៥តោន)។
លោក មល់ រើយ បានឲ្យដឹងបន្តថា រោងជាងកណ្តាលស៉ីម៉ាក់ ដឹកនាំដោយប្រធាន១រូប, អនុប្រធាន២រូប និងមានបុគ្គលិកសរុបចំនួន ៣០នាក់ ក្នុងនោះមាន៨៩ភាគរយ ជាបុគ្គលិកបច្ចេកទេស ដែលមានចំនួន២៤នាក់។ បុគ្គលិកបច្ចេកទេស រួមមានជំនាញឯកទេសសំខាន់ៗ ដូចជាជំនាញផ្នែកថែទាំ និងជួសជុលរថយន្តម៉ាស៉ីនរាវមីន និងគ្រឿងចក្របោសសម្អាតមីន, ឯកទេសផ្នែកភ្លើង, ក្រឡឹង, តោន, ផ្សា, និងបាញ់ថ្នាំឡាន។
បើតាមលោក មល់ រើយ រោងជាងកណ្តាលស៉ីម៉ាក់ ត្រូវការចល័តរថយន្ត ឬគ្រឿងចក្របោសសម្អាតមីន មកកាន់រោងជាងដើម្បីជួសជុល ឬបញ្ជូនអ្នកជំនាញ និងឧបករណ៍ទៅជួសជុលដល់ទីតាំងប្រតិបត្តិការរបស់ស៉ីម៉ាក់។
លោកថា សកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះរបស់ស៉ីម៉ាក់ ត្រូវបានអនុវត្តន៍ភាគច្រើនក្នុងតំបន់ដាច់ស្រយាល ផ្លូវធ្វើដំណើរមានការលំបាកខ្លាំង ឬគ្មានផ្លូវតែម្ដង គ្រឿងចក្រធ្វើការច្រើន (លើសម៉ោងកំណត់) ដែលកត្តាទាំងនេះ បានបង្កឲ្យរថយន្ត និងគ្រឿងចក្រទាំងនោះឆាប់ចាស់មុនអាយុកាលប្រើប្រាស់ និងមានការខូចខាតញឹកញាប់ ដែលធ្វើឲ្យមានការលំបាកលើការថែទាំ និងជួសជុលផងដែរ៕