(បាត់ដំបង)៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹងជញ្ជូន បានឲ្យដឹងថា ការសាងសង់កំណាត់ផ្លូវជាតិលេខ៥ ពីខេត្ត បាត់ដំបង ឆ្ពោះទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន មានប្រវែង ៨៥គីឡូម៉ែត្រនោះ សម្រេចបាន ៤១ភាគរយហើយ។
កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ ៥នេះ។ កំណាត់ផ្លូវសាងសង់ឡើងជាប្រភេទផ្លូវចាក់បេតុងកៅស៊ូ (AC) កម្រាស់ ១៥សង់ទីម៉ែត្រ និង ពង្រីកទទឹងផ្លូវឲ្យកាន់តែធំ ជាងមុនមាន ៤គន្លង ពីរគន្លងទៅ ពីរគន្លងមក។
ក្រៅពីការស្តារ និងពង្រីក កំណាត់ផ្លូវនេះ ក៏មានការសាងសង់ផ្លូវវាងក្រុង ២ខ្សែផងដែរ ក្នុងនោះ គឺមានផ្លូវវាងក្រុងបាត់ដំបងប្រវែង ២៣.៩២គីឡូម៉ែត្រ និង ក្រុងសិរីសោភ័ណប្រវែង ៩.៣៤គីឡូម៉ែត្រ។ កំណាត់ផ្លូវនេះត្រូវចំណាយថវិកាសាងសង់ប្រមាណ ១៩,៩៨៨លានយេនជប៉ុន ស្មើនឹង ១៨៥លានដុល្លារអាមេរិក។ ការស្ថាបនាផ្លូវនេះចំណាយពេល ៣៦ខែ ដោយគ្រោងបញ្ចប់នៅ ខែមីនា ឆ្នាំ ២០២០។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី២៧ ខែមីនានេះ លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ បានអះអាងថា បន្ទាប់ពីបើកការដ្ឋានឲ្យដំណើរការសាងសង់អស់រយៈ១ឆ្នាំមកនោះ កំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ឆ្ពោះទៅកាន់ក្រុង សិរីសោភ័ណ សម្រេចប្រមាណ ៤១ភាគរយហើយ។ ទោះបីជាយ៉ាងនេះក្តី មន្ត្រីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ថា ក្រុមការងារសាងសង់កំពុងព្យាយាមធ្វើឲ្យសម្រេចបានតាមផែនការកំណត់ ប៉ុន្តែការដ្ឋាននេះបានជួបភាពលំបាកខ្លះៗ ដូចជា ប្រព័ន្ធទុយោទឹក និងបញ្ហាអគ្គិសនីជាដើម។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន ជប៉ុនបានផ្តល់បច្ចេកទេស និង ជំនួយឥតសំណងព្រមទាំងហិរញ្ញប្បទាន ដ៏ ច្រើនសន្ធឹកសន្ធាប់ សម្រាប់ការស្តារ និង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគន្លឹះជាច្រើន ក្នុងទិសដៅជំរុញកំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍកម្ពុជាលើវិស័យសាធារណការ និងដឹកជញ្ជូន។
ជប៉ុន បានស្តារ និងសាងសង់ផ្លូវចំនួន ៣ខ្សែ ( ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ និង ផ្លូវជាតិលេខ១) ប្រវែងសរុប ២៥៤.៣ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១៨៩.១លានដុល្លារអាមេរិក៕