(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌី អ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ បានស្នើឲ្យប្រជាពលរដ្ឋ ជាពិសេសកុមារតូចៗ និងមនុស្សចាស់ ពិសាទឹកឲ្យបានច្រើន ខណៈដែលឆ្នាំនេះកម្ពុជាមានការកើននូវកំដៅដែលធ្វើឲ្យសីតុណ្ហភាព ឡើងរហូតដល់ទៅ៤០-៤២អង្សាសេ។
ការស្នើរបស់លោកស្រី ឱ វណ្ណឌី បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី «ផលប៉ះពាល់បម្រែបម្រួលអាកាសធាតុនារដូវក្ដៅ និងការឆ្លើយតបទប់ស្កាត់ ក្នុងកិច្ចថែរក្សាសុខមាលភាពសាធារណៈ» ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ សន្និសីទនេះ ធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្រ្ដី នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ។
ជាមួយគ្នានោះ លោកស្រី ឱ វណ្ណឌី ក៏បានប្រាប់អំពីវិធីសាស្ដ្រការពារ ដើម្បីជៀសផុតពីគ្រោះថ្នាក់ដល់សុខភាព និងអាចបណ្ដាលឲ្យបាត់បង់ជីវិត ដោយសារបញ្ហាជំងឺបេះដូង សួត និងអាចមានជំងឺឆ្លងផ្សេងៗ នៅក្នុងរដូវក្ដៅនេះ៖
១៖ អាកាសធាតុក្ដៅខ្លាំង កាលបើយើងប្រហេស ឬមិនបានយកចិត្ដទុកដាក់ អាចនឹងបណ្ដាលឲ្យយើងស្លាប់បាន ដោយសារតែយើងខ្សោះជាតិទឹក បាត់នូវសាធាតុរ៉ែ ធ្វើឱ្យយើងដួលសន្លប់ កុំទុកគាត់យូរ ត្រូវប្រញាប់នាំ មកមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតគាត់ សម្រាប់អ្នកដួលសន្លប់ ត្រូវដាក់អ្នកជំងឺ ឱ្យសម្រាក ដោយលើកជើងគាត់ឡើងលើបន្ដិច ឬកលជើងឱ្យខ្ពស់ ដើម្បីឲ្យចរន្ដឈាមហូរមកខួរក្បាល ត្រូវដាក់នៅក្រោមម្លប់ ដែលត្រជាក់
២៖ ដោះ ឬបន្ធូរសម្លៀកបំពាក់អ្នកជំងឺចេញ
៣៖ ដណ្ដប់អ្នកជំងឺដោយក្រណាត់សើម ដោយប្រើទឹកធម្មតា។
ខាងក្រោមនេះវីដេអូរបស់លោកស្រី ឱ វណ្ណឌី ដែលប្រាប់អំពីវិធីសាស្ដ្រការពារ នៅក្នុងរដូវក្ដៅ៖