(មណ្ឌលគិរី)៖ ជារឿយៗក្នុងរដូវក្តៅគេតែងសង្កេតឃើញវត្តមានហ្វូងសត្វដំរីព្រៃ បានបង្ហាញវត្តមានចូលមកក្បែរភូមិរបស់អ្នកស្រុក ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ប្រជាពលរដ្ឋ បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ដំរីព្រៃមួយហ្វូងមាន ៤ក្បាល បានចូលមកដល់បរិវេណសាលាស្រុកកែវសីមា ហើយពួកវាពុំដែលធ្វើទុកបុកម្នេញ ដល់ប្រជាពលរដ្ឋនោះទេ គឺមកហើយទៅវិញតាមតែទម្លាប់ជាប្រចាំរបស់វា។
មន្ត្រីរបស់សាលាស្រុកកែវសីមា បានថតជាវីដេអូសកម្មភាពរបស់ហ្វូងសត្វដំរីដោយផ្ទាល់ នៅពេលដំរីទាំងនេះបានចូលដល់បរិវេណសាលាស្រុកកែវសីមា។ ក្នុងវីដេអូជិត ២នាទី នៃសកម្មភាពរបស់សត្វដំរី ០៤ក្បាល កាលថ្ងៃនោះ ពួកវាទំនងជាចង់មកមុជ និងផឹកទឹកស្រះក្នុងសាលាស្រុកកែវសីមា ប៉ុន្តែពុំបានចុះក្នុងទឹកស្រះនោះទេ ដោយពុំមានផ្លូវចុះ ហើយពួកវាបានត្រលប់ចូលទៅក្នុងព្រៃជ្រៅវិញ ដោយពុំមានការដេញពីប្រជាពលរដ្ឋនោះឡើយ។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដំរីមួយហ្វូងដែលមានជាង ១០ ទៅ២០ក្បាល តែមានដំរីប្រមាណ ៤ក្បាល បានចូលមកដល់ទីធ្លារសាលាស្រុកកែវសីមា។ លោកថា ការចូលមករបស់ហ្វូងដំរីទាំងនេះ គឺតែងតែកើតឡើងរៀងរាល់ឆ្នាំ ព្រោះកន្លែងនេះ ជាទីតាំងរបស់វាពីមុន ទើបវាត្រូវចូលមកឲ្យតែដល់ខែនេះ។
លោកប្រធានមន្ទីរបរិស្ថានបានបញ្ជាក់ថា «វត្តមានហ្វូងសត្វដំរីនៅពេលនេះ គឺជារឿងល្អប្រសើរសម្រាប់ដែនជម្រកការពារសត្វព្រៃកែវសីមា ដោយអាចបញ្ជាក់បានថា ព្រៃនេះនៅមានសត្វព្រៃគង់វង្សច្រើន...»។
ដំរីព្រៃក្នុងតំបន់ដែនជម្រកសត្វព្រៃក្នុងស្រុកកែវសីមា ក៏ត្រូវបានគេបញ្ជាក់ថា បានបង្ហាញខ្លួនក្រោយផ្ទះពលរដ្ឋ, តាមបណ្តោយផ្លូវជាតិលេខ៧៦, ក្រោយទីបញ្ជាការអាវុធហត្ថ ឬស្រះ និងត្រពាំងមុខស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា។
លោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានសំដែងការព្រួយបារម្ភផងដែរ បើសិនជាពួកវាចូលដល់តំបន់ប្រជុំជន ដែលមានមនុស្សរស់នៅច្រើន ព្រោះនៅពេលមនុស្សទៅដេញ ឬទៅគប់ពួកវា វាហ្នឹងអាចតតាំងជាមួយមនុស្សវិញ។ លោក កែវ សុភគ៌ បានឲ្យដឹងថា «បច្ចុប្បន្នចំនួនសត្វដំរីព្រៃនៅខេត្តមណ្ឌលគិរី មានចន្លោះពី ៣៧០ក្បាល ទៅ៥០០ក្បាល គឺមានការកើនឡើង ហើយដំរីព្រៃនៅខេត្តមណ្ឌលគិរី គឺមានតែមួយប្រភេទ គឺដំរីអាស៉ី»។
លោកប្រធានមន្ទីរបរិស្ថានក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅពេលទៅមើល ឬថតរូបហ្វូងដំរីទាំងនេះ សូមកុំបង្កការំខានដល់ពួកវា ដែលអាចមានគ្រោះថ្នាក់នានា ព្រោះចរិតដំរីព្រៃនេះ បើមិនរំខានវាទេ វាក៏មិនធ្វើអីដល់មនុស្សដែរ៕