(ភ្នំពេញ)៖ ក្រោយមួយថ្ងៃបន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយសាររថយន្ត Range Rover ផ្លាកលេខភ្នំពេញ 2AF-7777 បើកលឿនដូចព្យុះបុកស្លាប់និស្សិត សាកលវិទ្យាល័យ «ផារ៉ាហ្គន» ឈ្មោះ ឌុំ រីដា នៅខណ្ឌទួលគោក, ដោយនៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ លោក គី តិច បានសម្រេចបញ្ជូនក្រុមមេធាវីទៅការពារ និងស្វែងរកយុត្តិធម៌ ជូនក្រុមគ្រួសារជនគ្រោះ ដែលកំពុងរៀបចំបុណ្យសពជូនកូនស្រីយ៉ាងសង្វែកនៅឯគេហដ្ឋាន, នេះបើតាម ប្រធានក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន លោក គី តិច ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះ។
ប្រធានក្រុមមេធាវីសម្តេចតេជោ លោក គី តិច បានថ្លែងថា ក្រុមមេធាវីដែលបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន សម្រាប់ជួយដល់នារីរងគ្រោះទូទាំងប្រទេសនេះ សន្យានឹងជួយស្វែងរកយុត្តិធម៌ជូននិស្សិតស្រីដែលរងគ្រោះឲ្យខានតែបាន។ ក្រៅពីទៅការពារក្តីក្រុមមេធាវីក៏បានអញ្ជើញចូលរួមបុណ្យសពជាថវិកាចំនួន១លានរៀលផងដែរ នៅគេហដ្ឋានស្ថិតក្នុងភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
នៅក្នុងពិធីបុណ្យសពឯខេត្តកណ្តាល ឪពុកម្តាយជនរងគ្រោះ បានលើកដៃសំពះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានចាត់បញ្ជូនក្រុមមេធាវីមកការពារ និងស្វែងរកយុត្តិធម៌ជូនសពកូនស្រីរបស់គាត់ ហើយប្រាជ្ញាចង់ឃើញជនដែលបើករថយន្តបុកកូនស្រីរបស់គាត់មក ផ្តន្ទាទោសតាមច្បាប់របស់កម្ពុជា។
សូមជំរាបថា ក្រោយពីប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុក របស់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងរយៈពេលជាងមួយថ្ងៃមកនេះ នៅទីបំផុតអ្នកបើករថយន្តបង្ក Range Rover ផ្លាកលេខភ្នំពេញ 2AF-7777 ដែលបើកលឿនដូចព្យុះទៅបុកនិស្សិតស្រីអាហារូបករណ៍សាលា «ផារ៉ាហ្គន» បណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័ម ត្រូវបានកំណត់មុខសញ្ញាបានអស់ហើយ។
មរណភាពរបស់កញ្ញា ឌុំ រីដា ដែលជានិស្សិតអាហារូបករណ៍ឆ្នាំទី៤ នៅសាកលវិទ្យាល័យ «ផារ៉ាហ្គន» អតីតសាកលវិទ្យាល័យ «ហ្សាម៉ាន់» កំពុងនាំមកនូវក្តីក្តុកក្តួលរំជួលចិត្តជាពន់ពេកសម្រាប់ក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ និងគ្រូនៅសាកលវិទ្យាល័យ។
អ្នកឃើញហេតុការណ៍មួយចំនួនបានអះអាងថា អ្នកបើកបររថយន្តបង្កហេតុនេះគឺជានារី និងមានមនុស្ស៣នាក់នៅក្នុងរថយន្ត។ ក្នុងនោះតាមរយៈវីដេអូបង្ហាញលើកាមេរ៉ាសុវត្ថិភាព ក៏បានបង្ហាញភិនភាគជនបើករថយន្តបង្កជានារីផងដែរ។
ទោះបីជាយ៉ាងមកដល់ពេលនេះកម្លាំងសមត្ថកិច្ចកំពុងតែបើកការស៊ើបអង្កេតយ៉ាងដិតដល់ ដើម្បីស្វែងរកជនបង្កពិតមកផ្តន្ទាទោសទៅតាមច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ជូនសពកញ្ញា ឌុំ រីដា និងក្រុមគ្រួសារ ដែលកំពុងសោកសង្រេង៕