(ក្រចេះ)៖ អភិបាលខេត្តក្រចេះ និងជាប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជន លោក វ៉ា ថន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលជីវភាពរស់នៅ ព្រមទាំងផ្តល់អណ្តូងទឹកស្នបជូនដល់អតីតយុទ្ធជនក្នុងភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល។
ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានឲ្យដឹងថា អណ្តូងស្នបចំនួន៤គ្រឿង ដែលបានកសាងរួចដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានធ្វើពិធីប្រគល់ជូនគ្រួសារអតីតយុទ្ធជនសម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃ។
លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានបន្ថែមថា លំនៅដ្ឋានអតីតយុទ្ធជន ធ្វើអំពីឈើប្រកដែកមានចំនួន២៧ខ្នងផ្ទះ លើទំហំផ្ទៃដី៣០ម៉ែត្រ គុណ៤០មែត្រ ត្រូវបានក្រុមការងារសាងសង់រួច និងប្រគល់ឲ្យគ្រូសារអតីយុទ្ធជនបានកំពុងតែរស់នៅ ខណៈដែលមានជាង២០ខ្នងផ្ទះទៀត កំពុងតែចាប់ផ្តើមសាងសង់។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយអតីតយុទ្ធជននាថ្ងៃនោះ លោក វ៉ា ថន បាននាំការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដល់បងប្អូនអតីតយុទ្ធជន ដោយបានលើងឡើងថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខការរស់នៅរបស់បងប្អូនដោយមិនទុក្ខឲ្យបងប្អូនរស់នៅដោយ ឯកោនោះទេ។
លោក វ៉ា ថន ក៏បានរំលឹកពីគុណបំណាច់យ៉ាងធំធេងរបស់អតីតយុទ្ធជនដែលកន្លងមក បានលះបង់កម្លាំងកាយចិត្តក្នុងភារកិច្ចបម្រើជាតិ មាតុភាព រហូតធ្វើឲ្យកម្ពុជាទទួលបានសន្តិសុខ និងសុខសុវត្ថិភាពរហូតដល់សព្វថ្ងៃនេះ។
បន្ថែមពីលើនោះ លោកអភិបាលខេត្ត បានជំរុញឲ្យគណៈកម្មធិការស្រុក-ក្រុង សាខាឃុំ-សង្កាត់ ចុះស្វែងយល់ពីសុខទុក្ខជីវភាពរស់នៅរបស់សមាជិក និងបានជួយការលំបាករបស់ពួកគាត់បានមួយកម្រិតថែមទៀត ដូចជាការសាងសង់លំនៅឋានជូនក្រុមគ្រួសារអតីតយុទ្ធជន និងជំរុញឲ្យមានការបង្កើនសកម្មភាពការយកចិត្តទុកដាក់សួរសុខទុក្ខ និងការនាំអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួនទៅចែកជូនដល់ពួកគាត់៕