(ចិន)៖ លោក Wen Gang អនុប្រធានក្រុមហ៊ុនគមនាគមន៍ និងសំណង់ចិន CCCC (China Communications Construction Company Limited) បានថ្លែងសន្យាថា នឹងជំរុញការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ឲ្យហើយមុនកាលកំណត់ ពោលឲ្យក្នុងឆ្នាំ២០២២ ដើម្បីកម្ពុជាប្រើប្រាស់ពេលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន។
ការអះអាងរបស់លោក Wen Gang បានធ្វើឡើងក្នុងជំនួបសំណេះសំណាលការងារជាមួយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរដ្ឋធានីប៉េកាំង ប្រទេសចិន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។
ក្រុមហ៊ុន CCCC ជាសហគ្រាសរបស់រដ្ឋាភិបាលចិនមួយ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាង៥០។ ក្នុងនោះក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC (China Road and Bridge Corporation) ក៏ជាក្រុមហ៊ុនមួយកំពុងបន្តកិច្ចសហប្រតិបត្តិការអនុវត្តគម្រោងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនជាច្រើន រួមទាំងគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុផងដែរ។
ក្នុងជំនួបនោះ លោក Wen Gang បានថ្លែងប្តេជ្ញាជំរុញការអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឲ្យបានចប់សព្វគ្រប់ត្រឹមខែកញ្ញា ឆ្នាំ២០២២ ដើម្បីត្រៀមដំណើរការស្វាគមន៍កិច្ចប្រជុំ ASEAN នៅខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តិទៅនាខែវិច្ឆិកា ឆ្នាំ២០២២។
ផ្លូវល្បឿនលឿនជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាមួយខ្សែនេះ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ ក្រោយអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ផ្លូវដែលមានប្រវែងជាង ១៩០គីឡូម៉ែត្រឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ គ្រោងចំណាយពេលសាងសង់ចំនួន ៤៨ខែ ពោលបញ្ចប់នៅខែមីនា ឆ្នាំ២០២៣។
ក្នុងពេលអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿននេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅឆ្នាំ២០២២ កម្ពុជានឹងធ្វើជាម្ចាស់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ សម្តេចបានបង្ហាញគម្រោងយករាជធានីភ្នំពេញ និងខេត្តព្រះសីហនុ សម្រាប់រៀបចំកិច្ចប្រជុំនេះផងដែរ។
តែទោះជាយ៉ាងក្នុងពិធីនោះសម្តេចតេជោ មិនបានរំពឹងថា បានប្រើប្រាស់ផ្លូវល្បឿនលឿននេះសម្រាប់បម្រើដល់ការធ្វើដំណើររបស់ដាក់ដឹកនាំ និងគណៈប្រតិភូរបស់ប្រទេសសមាជិកអាស៊ាន និងប្រទេសពាក់ព័ន្ធដែលមកចូលរួមកិច្ចប្រជុំនៅកម្ពុជានោះទេ ព្រោះថាតាមការគ្រោងទុកផ្លូវសាងសង់ហើយរហូតដល់ឆ្នាំ២០២៣ឯណោះ។ សម្តេចបានត្រឹមរំពឹងថា នឹងប្រើផ្លូវនេះសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមតែប៉ុណ្ណោះ។
ប៉ុន្តែនៅពេលនេះ អនុប្រធានក្រុមហ៊ុនគមនាគមន៍ និងសំណង់ចិន CCCC បានសន្យាប្រឹងប្រែងជំរុញការសាងសង់ផ្លូវល្បឿនលឿននេះ ឲ្យបានទាន់ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន។
សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ ២,០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd៕