(ចិន)៖ លោក Wen Gang អនុប្រធានក្រុមហ៊ុនគមនាគមន៍ និងសំណង់ចិន CCCC (China Communications Construction Company Limited) បានថ្លែងសន្យាថា នឹងជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឲ្យកាន់តែប្រសើរ។
ការអះអាងរបស់លោក Wen Gang បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលការងារជាមួយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរដ្ឋធានីប៉េកាំង ប្រទេសចិន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។
ក្រុមហ៊ុន CCCC ជាសហគ្រាសរបស់រដ្ឋាភិបាលចិនមួយ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាង៥០។ ក្នុងនោះក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC (China Road and Bridge Corporation) ក៏ជាក្រុមហ៊ុនមួយកំពុងបន្តកិច្ចសហប្រតិបត្តិការអនុវត្តគម្រោងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនជាច្រើន រួមទាំងគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុផងដែរ។
ក្នុងជំនួបនេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើឲ្យលោក Wen Gang ពន្លឿនលើគម្រោងកំពុងអនុវត្ត ក៏ដូចជាគម្រោងកំពុងសិក្សា ព្រមទាំងស្នើឲ្យពិនិត្យលទ្ធភាពផ្តល់កិច្ចសហការគាំទ្រលើកកម្ពស់ផ្នែកសុវត្ថិភាពចរាចរណ៍ជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់កម្ពុជា។
លោក ស៊ុន ចាន់ថុល ក៏បានស្នើឲ្យលោក Wen Gang ពិចារណា និង ពិនិត្យលទ្ធភាពក្នុងការជួយឧបត្ថម្ភជាសម្ភារៈ ឧបករណ៍ ជួសជុលថែទាំផ្លូវ សម្រាប់មន្ទីរសាធាណការ និងដឹកជញ្ជូនទូទាំងប្រទេស ដើម្បីចូលរួមកាត់បន្ថយ ជង្ហុកសំបុកមាន់ ការខូចខាតផ្លូវ និងការធានាសុវត្ថិភាពក្នុងការធ្វើដំណើរ របស់បងប្អូន ប្រជាពលរដ្ឋយើង។
លោក Wen Gang បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញរាល់គម្រោងនានារបស់ខ្លួន ឲ្យបញ្ចប់បានទាន់ពេលវេលាជាមួយនឹងគុណភាព និងប្រសិទ្ធភាពខ្ពស់។ ជាងនេះទៀតលោកអនុប្រធានក្រុមហ៊ុន ក៏បានប្តេជ្ញាជំរុញការអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឲ្យបានចប់សព្វគ្រប់ត្រឹមខែកញ្ញា ឆ្នាំ២០២២ ដើម្បីត្រៀមដំណើរការស្វាគមន៍កិច្ចប្រជុំ ASEAN នៅខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តិទៅនាខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះ។
លោក Wen Gang ក៏បានសន្យាថា នឹងពិភាក្សាលើសំណើរផ្សេងៗទៀត របស់លោកទេសរដ្ឋមន្ត្រី ដើម្បីធ្វើការឆ្លើយតបជាវិជ្ជមាន ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាង ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុន ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ក៏ដូចជាបន្តរឹតចំណងមិត្តភាពរវាងកម្ពុជា-ចិន ឲ្យកាន់តែរីកចម្រើនទៅមុខមួយកម្រិតទៀតផងដែរ។
សូមបញ្ជាក់ថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននិងកំពុងដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូនបំពេញទស្សនកិច្ចនៅប្រទេសចិនរយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី២៣-២៨ ខែមីនា ឆ្នាំ២០១៩ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនរវាងកម្ពុជា និងចិន៕