(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រារព្ធនៅប៉ុន្មានថ្ងៃខាងមុខនេះ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ ត្រឹង ហ្វាយ ជុង ប្រធាននយោបាយយោធភូមិភាគទី០៧ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូរបស់ខ្លួនសាកសួរសុខទុក្ខថ្នាក់ដឹកនាំនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិកម្ពុជា។

ពិធីជួបសំណេះសំណាល សាកសួរសុខទុក្ខនេះ ធ្វើឡើងនៅនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ស្ថិតក្រោមវត្តមានរបស់ លោកឧត្តមសេនីយ៍ឯក អ៊ុក កោសា អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំអង្គភាពទាំងពីរយ៉ាងច្រើនផងដែរ។

នៅក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ឯក អ៊ុក កោសា បានថ្លែងថា ក្នុងនាមជានាយទាហានកម្ពុជាមួយរូបនៅតែបន្តចងចាំកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងវៀតណាម ដើម្បីជួយកម្ពុជា ឱ្យរួចផុតពីសង្គ្រាមស៊ីវិល ហើយឆ្នាំនេះ ជាខួបលើកទី៤២ឆ្នាំ នៃដំណើរឆ្ពោះទៅរកសន្តិភាពនៅកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងសមមិត្តស្មោះស្ម័គ្ររបស់សម្តេចតេជោ ដើម្បីរំដោះប្រទេស និងប្រជាជនចេញពីរបបកាប់សម្លាប់ ដ៏សែនឃោរឃៅរបស់បនប្រល័យពូជសាសន៍ ប៉ុល ពតនោះ បានសម្រេចយកជីវិតប្រថុយនឹងគ្រោះថ្នាក់ភៀសខ្លួន ទៅប្រទេសវៀតណាម ស្វែងរកជំនួយវាយផ្តួលរំលំរបបខ្មែរក្រហម។

លោកឧត្តមសេនីយ៍ឯក បានបន្តថា បើគ្មានការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំវៀតណាម កាលពីសម័យនោះទេសម្តេចតេជោ ហ៊ុន សែន ក៏មិនអាចវិលត្រឡប់មកដឹកនាំកម្លាំងតស៊ូប្រឆាំងពួកខ្មែរក្រហម រហូតបានដឹកនាំប្រទេសកម្ពុជា ឱ្យមានសុខសន្តិភាព ស្ថិរភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ រហូតមកដល់បច្ចុប្បន្ននេះ ផងដែរ។

លោកឧត្តមសេនីយ៍ឯក អ៊ុក កោសា បានបញ្ជាក់ថា នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយនាយកដ្ឋានសេដ្ឋកិច្ច នៃកងទ័ពប្រជាជនវៀតណាម ដើម្បីធ្វើកិច្ចរួមគ្នាលើកិច្ចការមួយចំនួន នៅតាមបណ្តាលភូមិភាគទី៥ ភូមិភាគទី៧ និងភូមិភាគទី៩ របស់វៀតណាម ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការចាស់ និងបង្កើនកិច្ចសហប្រតិបត្តិការថ្មីបន្ថែមទៀតជាមួយគ្នាផងដែរ៕