(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តវិភាជន៍ថវិកា (បែងចែកថវិកា) បន្ថែមប្រចាំឆ្នាំដល់វិស័យអប់រំ ដើម្បីពង្រាយគ្រូបង្រៀនបន្ថែម ជំនួសគ្រូដែលចូលនិវត្ត។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល នឹងបន្តវិភាជន៍ថវិកាបន្ថែមប្រចាំឆ្នាំ ដល់វិស័យអប់រំ ដើម្បីជ្រើសរើស និងបណ្តុះបណ្ហាលគ្រូបង្រៀនដែល ជាអាទិភាពចម្បង ដើម្បីបំពេញបន្ថែម ដល់ការងារពង្រាយគ្រូ និងជំនួសគ្រូដែលត្រូវចូលនិវត្ត ការធ្វើវិក្រឹតការគ្រូបង្រៀន ការកែលម្អកម្មវិធីសិក្សា ការធ្វើអធិការកិច្ច ការពង្រឹងសមត្ថភាពគ្រប់គ្រង និងគុណភាពប្រឡង»។
សម្ដេចតេជោ បានបន្ថែមទៀតថា ទន្ទឹមនេះ រាជរដ្ឋាភិបាល នឹងបន្តគិតគូរអំពីការដំឡើងបៀវត្សរ៍ និងប្រាក់លើកទឹកចិត្ត ជូនដល់គ្របង្រៀន និងបុគ្គលិកសិក្សាជាបន្តបន្ទាប់ទៀត ព្រមទាំងការខិតខំកៀរគរ ធនធានមកពីគ្រប់មជ្ឈដ្ឋាន ដើម្បីជំរុញលើកទឹកចិត្តឲ្យវិស័យឯកជន ចូលរួមវិនិយោគក្នុងវិស័យអប់រំ និងបណ្តុះបណ្ហាលវិជ្ជាជីវៈ។
នាយករដ្ឋមន្ដ្រីបានលើកឡើងថា ការធ្វើបែបនេះ គឺដើម្បីធានាស្ថិរភាពទីផ្សារការងារ លើកកម្ពស់ផលិតភាព និងជីវភាព រស់នៅរបស់ប្រជាជន ជាមួយនឹងការធ្វើប្រតិភូកម្មអំណាច ការផ្ទេរមុខងារ ការផ្ទេរធនធាន និងការចែករំលែកបច្ចេកទេស តាមរយៈយន្តការវិមជ្ឈការ និងវិសហមជ្ឈការ ដល់អង្គភាពរដ្ឋបាលគ្រប់កម្រិតក្រោម ឱវាទក្រសួង-ស្ថាប័ន។
សម្ដេចតេជោបានបន្ដទៀតថា ការពង្រឹងគុណភាព វិស័យអប់រំកម្ពុជា គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ សម្រាប់អនុវត្ត នៅគ្រប់ដំណាក់កាល គឺការអប់រំ បណ្តុះបណ្តាលជំនាញបច្ចេកទេសវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការតម្រង់ទិស សម្រាប់ទីផ្សារការងារ។
«ជាពិសេស គឺការពង្រឹងជំនាញបច្ចេកទេស ដល់យុវជន សំដៅធានាថា យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត សម្រាប់លើកស្ទួយជីវភាពគ្រួសារ ឲ្យកាន់តែប្រសើរ រួមចំណែកក្នុងកាអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ»។ នេះជាការបញ្ជាក់បន្ថែម របស់សម្ដេចតេជោ ហ៊ុន សែន។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩ រាជរដ្ឋាភិបាលចំណាយថវិកាសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា ប្រមាណ៣,៦៦១,៦៧០.២លានរៀល ប្រហែល៩១៥.៤១លានដុល្លារអាមេរិក។
រាជរដ្ឋាភិបាល បានផ្តល់ប្រាក់បៀវត្សជូនគ្រូបង្រៀន និងគ្រូពេទ្យច្រើនជាងគេ ព្រោះវិស័យទាំងពីរនេះ ជាអាទិភាពសម្រាប់សង្គមជាតិ។ ប្រាក់បៀវត្សគ្រូបង្រៀន កម្រិតទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមេសា ឆ្នាំ២០១៩) ចំនួន១,១៧០,១០០រៀល ត្រូវកើនដល់ ១,២០០,១០០រៀល ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩៕