(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើគណៈប្រតិភូខេត្តយូណាន បង្កើនការវិនិយោគនៅកម្ពុជា និងផ្តល់ស្តង់ឥតគិតថ្លៃបន្ថែមចំនួន ១០០ស្តង់ ដល់វិស័យឯកជនកម្ពុជា ក្នុងការចូលរួមពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគចិន-អាស៊ីខាងត្បូង និងប្រទេសអាស៊ីអាគ្នយ៍លើកទី៥ ដែលគ្រោងរៀបចំឡើងចាប់ពីថ្ងៃទី១២-១៨ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងគុនមីញ នៃខេត្តយូណាន ប្រទេសចិន។
លោក ប៉ាន សូរស័ក្តិ បានលើកសំណើនេះឡើងក្នុងជំនួបពិភាក្សាជាមួយគណៈប្រតិភូនៃខេត្តយូណាន ដឹកនាំដោយលោក ចិន ហាវ (Chen Hao) លេខាធិការបក្សកុំមុយនីសនៃខេត្តយូណាន នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅក្រោមក្របខណ្ឌផ្លូវ និងខ្សែក្រវ៉ាត់ ដែលផ្តួចផ្តើមដោយលោកប្រធានាធិបតីចិន ស៊ី ជីនពីង។
ក្នុងឱកាសនោះលោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណគណៈប្រតិភូខេត្តយូណាន ដែលបានចូលរួមវិនិយោគនៅកម្ពុជា និងបានលើកឡើងអំពីបញ្ហាកង្វះស្តង់ពិព័រណ៍ និងការកើនឡើងនៃតម្លៃ ដែលជាឧបសគ្គសម្រាប់វិស័យឯកជនកម្ពុជា ក្នុងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ខាងលើ ដែលជាលទ្ធផលធ្វើឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តយូណាន នៅមានកម្រិតស្តួចស្តើងនៅឡើយ។
ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគប្រទេសទាំងពីរ លោករដ្ឋមន្ត្រី បានសំណូមពរ លោក ចិន ហាវ ជួយកៀងគរវិនិយោគិនខេត្តយូណាន ឱ្យមកបណ្តាក់ទុនថែមទៀតនៅកម្ពុជា លើវិស័យទេសចរណ៍ ថាមពល បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសតំបន់សេដ្ឋកិច្ចពិសេស និងឧស្សាហកម្មកែច្នៃម្ហូបអាហារ ស្របតាមយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មថ្មី (CTIS) របស់កម្ពុជា និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ២០១៥-២០២៥។
ជាការឆ្លើយតប លោក ចិន ហាវ បានថ្លែងអំណរគុណលោករដ្ឋមន្ត្រី និងក្រសួងពាណិជ្ជកម្ម ដែលកន្លងមកបានគាំទ្រ និងជួយសម្របសម្រួលគម្រោងវិនិយោគរបស់ខេត្តយូណាននៅក្នុងប្រទេសកម្ពុជា និងតែងដឹកនាំគណៈប្រតិភូចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខេត្តយូណាន ដូចជា៖ ពិព័រណ៍ចិន-អាស៊ីខាងត្បូង និងពិព័រណ៍នាំចេញ-នាំចូល (គុនមីញ) លើកទី២៥ ជាដើម។
លោក ចិន ហាវ បានជម្រាបជូនលោករដ្ឋមន្ត្រី អំពីចក្ខុវិស័យរបស់ខេត្តយូណាន សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងប្រទេសក្នុងតំបន់ តាមរយៈការជំរុញវិនិយោគ ការបង្កើតឱកាសធុរកិច្ច និងការផ្លាស់ប្តូរចំណេះដឹង និងវប្បធម៌ របស់ប្រជាជននៅគ្រប់កម្រិត។
ពាក់ព័ន្ធជាមួយសំណើរបស់លោករដ្ឋមន្ត្រី លោក ចិន ហាវ បានសម្តែងការគាំទ្រ និងបានលើកទឹកចិត្តឱ្យមានការពិភាក្សារវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងមន្ទីរពាណិជ្ជកម្មខេត្តយូណាន ដើម្បីស្វែងរកដំណោះស្រាយសមស្រប៕