(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា គណៈកម្មការតួកគី នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃស្អែកនេះ ហើយកម្ពុជានឹងត្រូវប្រើប្រាស់នាវាផ្ទុកអគ្គិសនីរបស់តួកគីរយៈពេល៣ឆ្នាំ ដើម្បីដោះស្រាយបញ្ហាអគ្គិសនី។ ជាមួយគ្នានេះសម្តេចក៏បានស្នើឱ្យប្រទេសជិតខាងដូចជាថៃ ឡាវ និងវៀតណាម ជួយផ្គត់ផ្គង់អគ្គិសនីបន្ថែមដល់ប្រទេសកម្ពុជាផងដែរ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងឱកាសដែលសម្តេចបានអញ្ជើញ ជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មីឆ្នាំ២០១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ។

សម្តេចតេជោ ហ៊ុន សែន បានបន្តសុំការយោគយល់ជាថ្មីម្តងទៀតពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចំពោះបញ្ហាកង្វះខាតអគ្គិសនីដោយសារតែប្រទេសកម្ពុជា ជួបគ្រោះរាំងស្ងួតមិនធ្លាប់មាន។ ជាមួយគ្នានេះ សម្តេចបានជំរុញដល់ប្រទេសថៃ និងប្រទេសឡាវ ផ្គត់ផ្គង់អគ្គិសនីជូនកម្ពុជា នៅមុនកាលកំណត់ ព្រមទាំងស្នើដល់វៀតណាមឱ្យផ្គត់ផ្គង់បន្ថែមយ៉ាងហោចណាស់ពី៥០ ទៅ១០០មេហ្គាវ៉ាត់ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងកំពុងធ្វើការជាមួយតួកគី ដែលថ្ងៃស្អែកនេះ គណៈកម្មការរបស់តួកគី នឹងមកចរចានៅទីក្រុងភ្នំពេញនេះ ប្រហែលជាយើងចៀសមិនផុតអំពីការអូសនាវាផ្ទុកដោយម៉ាស៊ីនភ្លើង ដើរដោយប្រេងខ្មៅចូលមកកាន់រាជធានីភ្នំពេញតែម្តងប្រមាណ២០០មេហ្គាវ៉ាត់បន្ថែម។.. រឿងនេះវាជាអកុសលសម្រាប់យើង ដោយសារឆ្នាំនេះ ដែលមានការហួតហែងរាំងខ្លាំង ដែលធ្វើឱ្យអគ្គិសនីរបស់យើងជួបកង្វះប្រហែលជា៤០០មេហ្គាវ៉ាត់ឯណោះ»

សម្តេចតេជោ ហ៊ុន សែន បានទទួលស្គាល់ថា កម្ពុជាបានវាយតម្លៃខុសចំពោះបរិមាណប្រើប្រាស់អគ្គិសនី ដោយសារតែគ្រោះរាំងស្ងួត និងការកើនឡើងខ្ពស់នៃវិស័យសំណង់ ដែលប្រើប្រាស់អគ្គិសនី នៅក្នុងប្រទេស លើសការរំពឹងទុក។

សម្តេចបានបន្តបញ្ជាក់ថា៖ «យើងត្រូវការដាក់អគ្គិសនីបន្ថែម តែមុននឹងបន្ថែមនេះ យើងត្រូវការយកនាវាតួកគីយកមកដាក់ ប្រហែល៣ឆ្នាំសិន ហើយស្នើឱ្យវៀតណាម ថៃ ឡាវ ជួយផ្គត់ផ្គង់បន្ថែម ជាមួយនឹងការវិនិយោគដែលនឹងដាក់ទៅនៅអាទិត្យក្រោយនេះ ជាមួយនឹងការវិនិយោគបន្ថែម»

សម្តេចក៏បានបន្តទៀតថា កន្លងទៅយើងមិនហ៊ានទទួលការវិនិយោគ ដោយសារសម្រាប់វិស័យអគ្គិសនី បើសិនជាវិនិយោគហើយ គឺត្រូវតែទិញគេទាំងអស់តែម្តង៕