(ភ្នំពេញ)៖ ក្រោយពីប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុក របស់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងរយៈពេលជាងមួយថ្ងៃមកនេះ នៅទីបំផុតទៅ អ្នកបើករថយន្តបង្ក Rang Rover ផ្លាកលេខភ្នំពេញ 2AF-7777 ដែលបើកលឿនដូចព្យុះទៅបុកនិស្សិតស្រីអាហារូបករណ៍សាលា «ផារ៉ាហ្គន» បណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័ម ត្រូវបានកំណត់មុខសញ្ញាបានអស់ហើយ។
មន្រ្តីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលួចទម្លាយប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះថា «នៅពេលនេះអ្នកបើករថយន្តបង្ក ដែលបុកជនរងគ្រោះស្លាប់នោះ យើងបានកំណត់អត្តសញ្ញាណបានអស់ហើយ ប៉ុន្តែនៅពេលនេះ កម្លាំងជំនាញរបស់យើងកំពុងតែ ដុតដៃដុតជើងយ៉ាងស្វាហាប់ ដើម្បីពង្រឹងសំណុំរឿង ឈានទៅដល់ចាត់វិធានការតាមច្បាប់ចំពោះអ្នកបើករថយន្តដ៏ព្រហើននេះ»។
ក្រោយពីមហាជនប្រកាសថ្កោលទោសព្រោងព្រាត រហូតមានបទបញ្ជាពីប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យកម្លាំងសមត្ថកិច្ច តាមចាប់អ្នកបើករថយន្ដបង្កនោះ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ វេលាម៉ោងជាង១០ ម្ចាស់រថយន្ដបង្កឈ្មោះ យិន ហ្គិច បានយល់ព្រមចូលដោះស្រាយ នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញហើយ។
យ៉ាងណាក៏ដោយបើតាមលោក សែម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោក, នៅចំពោះមុខសមត្ថកិច្ចឈ្មោះ យិន ហ្គិច ដែលជាម្ចាស់រថយន្ដនោះ មិនទាន់បានបញ្ជាក់ថា នរណាជាអ្នកបើករថយន្ដ ទៅបុកនិស្សិតរងគ្រោះបណ្ដាលឲ្យស្លាប់នោះឡើយ។ នៅរសៀលថ្ងៃដដែលនេះលោក យិន ហ្គិច ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅវិញ ក្រោយពីបានធ្វើកិច្ចសន្យាលើការដោះស្រាយ និងនាំអ្នកបើករថយន្ត មកប្រគល់ជូនសមត្ថកិច្ចនៅក្នុងរយៈពេលខ្លីខាងមុខនេះ។
ជាមួយនឹងការស្រែកអំពាវនាវរបស់មហាជននៅលើបណ្តាញសង្គម Facebook នោះ សម្តេចតេជោ ហ៊ុន សែន ក៏មិនបាននៅសុខដែរចំពោះសកម្មភាពល្មើសច្បាប់សង្គមមួយនេះ រហូតសម្តេច បានប្រកាសពីលើវេទិកាចែកសញ្ញាបត្រមួយ ឲ្យសមត្ថកិច្ចត្រូវតែតាមចាប់អ្នកបើករថយន្តមួយនេះឲ្យបាន។
នៅចំពោះមុខគរុសិស្ស-និស្សិតជិត ២ពាន់នាក់ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ករណីចរាចរណ៍ កាលពីម្សិលមិញ ឃើញគេបញ្ចាំងចុះ បញ្ចាំងឡើងរឿងបញ្ហាបុកនិស្សិតស្លាប់ ទៅតាមរកឱ្យឃើញបណ្តាលមកពីអី គឺចេញមកពីអត់គុណធម៌ហ្នឹងឯង អត់គុណធម៌ហ្នឹងឯង បើយើងជិះកង់ ទោះបីជាយើងជិះលឿនយឺត ប៉ុណ្ណា គង់លឿនជាងអ្នកដើរដែរ ហើយបើយើងជិះម៉ូតូ បើទោះបីជាយើងជិះលឿន ជិះយឺតប៉ុណ្ណា ក៏គង់លឿនជាងកង លឿនជាងអ្នកដើរដែរ»។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក មានរថយន្ត Rang Rover ផ្លាកលេខភ្នំពេញ 2AF-7777 មួយគ្រឿង បានបើកលឿន ហើយទៅបុកនារីរងគ្រោះជានិស្សិតនៅសាលាផារ៉ាហ្គន ខណៈនាងកំពុងបើកម៉ូតូ បណ្តាលឲ្យទាំងម៉ូតូនិងមនុស្សប៉ើងដូចសី ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ ករណីនេះ ត្រូវគេបានទម្លាយតាមរយៈវីដេអូសុវត្ថិភាពមួយនៅក្បែរកន្លែងកើតហេតុ ដែលមើលទៅកើតឡើងយ៉ាងរន្ធត់ នាំឲ្យម្នាក់ៗប្រកាសថ្កោលទោស ខ្លាំងៗ និងសុំឲ្យសមត្ថកិច្ចតាមចាប់ជនបង្កឲ្យបាន។
នារីរងគ្រោះមានឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលត្រូវឪពុកម្តាយរបស់នាងបានប្រាប់ថា ជាសិស្សពូកែទូទាំងប្រទេស ម្នាក់ខាងអក្សរសាស្រ្តខ្មែរ រហូតទទួលបានអាហារូបករណ៍នៅសាលា «ផារ៉ាហ្គន» តែម្តង។ ដោយឡែក រថយន្តបង្កខាងលើនេះ ត្រូវបានសមត្ថកិច្ចប្រទះឃើញនៅតាមបណ្តោយផ្លូវសឡា (៣៧១) សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ នាកណ្តាលរាត្រីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ហើយក៏ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយបន្តទៀត និងតាមស្វែងរកអ្នកបើកមកទទួលទោសតាមច្បាប់។
មហាជនសម្តែងការសោកស្តាយរឹតតែខ្លាំង ហើយចាត់ទុកមរណភាពរបស់កញ្ញា ជាការបាត់បង់នូវធនធានមនុស្សមួយរូប ដែលបានប្រឹងប្រែងសិក្សារៀនសូត្រ ហើយក៏ជាការសម្លាប់ក្តីរំពឹងដ៏ធំធេង របស់ក្រុមគ្រួសារ។ បច្ចុប្បន្នសពរបស់កញ្ញា ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនានៅស្រុកកំណើតអារម្មណ៍ក្តុកក្តួលរំជួលចិត្តឥតឧបមា៕