(បាត់ដំបង)៖ លោក កក់ សីឡា ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានឲ្យដឹងថា គិតមកដល់ពេលនេះ គម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដំណើរការសាងសង់បានសម្រេច ៤០ភាគរយហើយ ខណៈក្រុមការងារសាងសង់កំពុងតែប្រឹងប្រែង ដើម្បីសម្រេចតាមផែនការ។
ការកែលម្អមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ត្រូវបានដំណើរការក្រោមគម្រោង ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (ODA) របស់រដ្ឋាភិបាលជប៉ុន ក្នុងតម្លៃប្រមាណជាង ១១លានដុល្លារអាមេរិក។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានស្ដីពី ODA ២០១៩ នៅថ្ងៃទី២៧ ខែមីណា ឆ្នាំ២០១៩នេះ លោក កក់ សីលា បានបញ្ជាក់ទៀតថា ការសាងសង់អគារនេះ ត្រូវបានចាប់ផ្ដើមពីខែមករា ឆ្នាំ២០១៨ ហើយបើគិតមកដល់ពេលនេះ ដំណើរការសាងសង់សម្រេចបាន ៤០ភាគរយហើយ។ លោកថា ការសាងសង់ក៏នឹងត្រូវបញ្ចប់ក្នុងខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះផងដែរ។
សូមបញ្ជាក់ថា ខេត្តបាត់ដំបងគឺជាខេត្តគោលដៅរបស់គម្រោងកែលម្អមន្ទីរពេទ្យមួយរបស់គម្រោង ODA ដែលមានទីតាំងស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា មានផ្ទៃដីសរុប ១.១៦៦គីឡូម៉ែត្រក្រឡា និងមានប្រជាជនជាង ១លាននាក់។ ទីរួមខេត្តបាត់ដំបងមានចម្ងាយប្រមាណ ៣០០គីឡូម៉ែត្រពីភ្នំពេញ ហើយខេត្តនេះ គឺជាខេត្តធំទីពីរក្នុងប្រទេសកម្ពុជា។
ទោះបីជាតំបន់មួយចំនួនក្នុងខេត្តនេះ ធ្លាប់ត្រូវបានស្ថិតនៅក្នុងការគ្រប់គ្រងដោយរបប ប៉ុល ពត ប៉ុន្តែខេត្តនេះបានកំពុងអភិវឌ្ឍន៍ខ្លួនយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន បន្ទាប់ពីការរងការបំផ្លិចបំផ្លាញសម័យនោះ។ ខេត្តបាត់ដំបងស្ថិតនៅចំណុចកណ្តាលនៃការដោះដូរភស្តុភារកម្ម នៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង ហើយសេដ្ឋកិច្ចរីកចម្រើនរបស់ខេត្តនឹងធ្វើឲ្យមានការកើនឡើងចំនួនប្រជាជន និងការកើនឡើងចំនួនគ្រោះថ្នាក់ចរាចរណ៍ ដែលនឹងធ្វើឲ្យមានការកើនឡើងនូវតម្រូវការសេវាកម្មវេជ្ជសាស្រ្តផងដែរ។
បើតាមលោក កក់ សីលា មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង គឺជាមន្ទីរពេទ្យបង្អែកធំជាងគេក្នុងខេត្ត ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាសុខាភិបាលក្នុងខេត្តធំទីពីររបស់ប្រទេសកម្ពុជា និងជាមន្ទីរពេទ្យស្នូលនៅភាគពាយព្យនៃប្រទេសផងដែរ។ ទន្ទឹមនឹងនេះ មន្ទីរពេទ្យក៏បានជួបបញ្ហាជាច្រើន រួមមានអាគារចាស់ទ្រុឌទ្រោម សាងសង់ក្នុងទសវត្សរ៍ឆ្នាំ ១៩៤០ ទើបមន្ទីរពេទ្យនេះ ត្រូវទទួលបានការសាង់សង់អគារថ្មី ពីរដ្ឋាភិបាលជប៉ុនតែម្តង៕