(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ បានអំពាវនាវឲ្យអ្នកលក់ម៉ាស៊ីនភ្លើងទាំងអស់ កុំឆ្លៀតឱកាសលក់ដំឡើងថ្លៃ នៅពេលដែលកម្ពុជា កំពុងតែមានបញ្ហាកង្វះថាមពលអគ្គិសនី។

សារអំពាវនាវរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងបន្ទាប់ពីសម្ដេចបានស្នើឲ្យមានការបញ្ចេញម៉ាស៊ីនភ្លើង ឬទិញម៉ាស៊ីនភ្លើង ដើម្បីប្រើប្រាស់ជាបណ្ដោះអាសន្ន នោះ ស្រាប់តែគេសង្កេតឃើញថា អាជីវករមួយចំនួនហាក់កំពុងតែឆ្លៀតឱកាស ដើម្បីដំឡើងថ្លៃភ្លាមៗផងដែរ ដែលតម្លៃខ្លះឡើងគុណនឹងពីរជាមួយតម្លៃលក់ធម្មតា។

នៅក្នុងពិធី បិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មីឆ្នាំ២០១៩របស់ក្រសួងអប់រំ យុវជន និងកីឡា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឆ្នាំនេះជាឆ្នាំដែលដាច់ភ្លើងច្រើន ហើយអ្នកដែលលក់ម៉ាស៊ីនភ្លើង ដើម្បីយកទៅលក់ចែកជូនឲ្យប្រជាពលរដ្ឋ ដើម្បីទិញម៉ាស៊ីនភ្លើងយកទៅប្រើប្រាស់ មេត្តាកុំដំឡើងថ្លៃម៉ាស៊ីនភ្លើងថ្លៃពេក»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានចាត់ទុកសារអំពាវនាវ ដើម្បីឲ្យអាជីវករទាំងអស់ មានការយោគយល់នូវការលំបាកកង្វះថាមពលអគ្គិសនី ដោយសារតែបញ្ហាអាកាសធាតុ ហើយមួយផ្នែកទៀតដោយសារ ការកើនឡើងនូវការវិនិយោគលើវិស័យសំណងយ៉ាងគំហុកមួយរយៈចុងក្រោយនេះ ចូលមកកាន់ប្រទេសកម្ពុជា។

ទន្ទឹងនឹងបញ្ហាប្រឈមកង្វះថាមពលដ៏សំខាន់មួយនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអះអាងថា សម្ដេចបានចុះហត្ថលេខាជាច្រើន លើឯកសារសំខាន់ៗ ដែលត្រូវផ្ញើទៅភាគីពាក់ព័ន្ធ ដើម្បីសុំការផ្គត់ផ្គង់បន្ថែមនូវថាមពលអគ្គិសនីចូលមកកាន់ប្រទេសកម្ពុជា ហើយបើបានមុនការកំណត់កាន់តែល្អ ពិសេសភាគីថៃ ឡាវ និងវៀតណាម។

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល ក៏បានគូសបញ្ជាក់ថា នៅថ្ងៃទី២៨ ខែមីនាស្អែកនេះ ភាគីទួកគី នឹងមកចរចារដោយផ្ទាល់នៅរាជធានីភ្នំពេញ ដើម្បីបញ្ជូននាវាផ្ទុកម៉ាស៊ីនភ្លើង ដែលដើរដោយប្រេងខ្មៅចូលមកកាន់រាជធានីភ្នំពេញតែម្ដង ដែលមានថាមពលប្រមាណ២០០មេហ្គាវ៉ាត់បន្ថែមទៀត។

សូមបញ្ជាក់ ថា ក្នុងរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តៅហួតហែងខ្លាំង ជាពិសេសក្នុងអំឡុងខែមេសា និងឧសភា ខាងមុខ ដែលកម្តៅនឹងហក់ឡើងដល់៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោលនៃឥទ្ធិពល បាតុភូតអែលនីណូ (El Nino) ដែលធ្វើឱ្យវារីអគ្គិសនី មិនអាចផលិតថាមពលបានគ្រប់គ្រាន់។ កម្ពុជាកំពុងខ្វះថាមពលអគ្គិសនី ប្រមាណ៤០០មេហ្គាវ៉ាត់ ហើយកម្ពុជាក៏កំពុងចរចារទិញអគ្គិសនី ពីប្រទេសតួកគី ចំនួន២០០មេហ្គាវ៉ាត់ផងដែរ។

ចំពោះកង្វះខាតអគ្គិសនីនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋ មានភាពអត់ធ្មត់ និងយោគយល់អធ្យាស្រ័យ។ សម្តេចបានបញ្ជាក់ថា កង្វះថាមពលអគ្គិសនីនេះ មិនទាន់ប៉ះពាល់ដល់សង្វាក់ផលិតកម្មនៅតាមរោងចក្រ សហគ្រាសនៅឡើយទេ ព្រោះកម្ពុជានៅមានថាមពលអគ្គិសនី រហូតដល់ជាង ១,០០០ មេហ្គាវ៉ាត់ទៀតឯណោះ៕