(ពោធិ៍សាត់)៖ ប្រព័ន្ធធារាសាស្រ្តកណ្ដៀង មានទីតាំងស្ថិតនៅភូមិស្ថានីយ ឃុំកណ្ដៀង ស្រុកកណ្ដៀង ដែលមានរយៈចម្ងាយប្រមាណ ១០គីឡូម៉ែត្រ នៃភាគខាងជើងពីក្រុងពោធិ៍សាត់។ ប្រព័ន្ធធារាសាស្ត្រនេះត្រូវបានធ្វើឡើងក្នុងឆ្នាំ ១៩៨៥ និងត្រូវបានរងការខូចខាតដោយសារទឹកជំនន់ប្រចាំឆ្នាំ ប៉ុន្តែត្រូវបានជួសជុលឡើងវិញដោយរាជរដ្ឋាភិបាលជប៉ុនក្រោមគម្រោង ODA។

កសិករម្នាក់ឈ្មោះ ពិល ហឺ បានអះអាងថា ប្រជាកសិករដែលរស់នៅក្នុងទីតាំងប្រព័ន្ធគម្រោងធារាសាស្រ្តស្រុកកណ្ដៀងដូចរូបលោក អាចផលិតស្រូវបានបីដងឯណោះ ក្នុងមួយឆ្នាំ ព្រោះប្រព័ន្ធធារាសាស្ត្រកណ្តៀង អាចផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់នៅខែប្រាំង។ លោកបន្តថា ស្រូវដែលប្រជាកសិករនិយមដាំនោះ មានឈ្មោះថាសែនក្រអូប ដែលបច្ចុប្បន្នមានតម្លៃ ១១៧០រៀល។

លោកអះអាងបន្ថែមថា នៅក្នុងរដូវប្រាំង ប្រជាកសិករអាចផលិតស្រូវបានចំនួន ២លើក គឺលើកទី១ នៅខែវិច្ឆិកាដល់ខែកុម្ភៈ ហើយលើកទី២ ចាប់ពីខែមីនារហូតដល់ខែកក្កដា។ សម្រាប់រដូវវស្សាវិញ លោកបញ្ជាក់ថា គឺជារឿងសាមញ្ញទេ ព្រោះជារដូវកាលដែលមានភ្លៀងធ្លាក់ ដែលអំណោយផលសម្រាប់ផលិតស្រូវ។

ជាមួយគ្នានេះ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ លោក កែវ វ័យ បានប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋដែលមានទីតាំងរស់នៅក្នុងគម្រោងប្រព័ន្ធធារាសាស្ត្រស្រុកកណ្ដៀង មានចំនួន៦៩០ គ្រួសារ ដែលមានប្រមាណ ៣២០០នាក់។ លោកបន្តថា ប្រព័ន្ធធារាសាស្ត្រនេះមានប្រវែងសរុប ២១៣០ម៉ែត្រ និងត្រូវបានស្ដារឡើងវិញដោយជំនួយរបស់រដ្ឋាភិបាលជប៉ុនប្រមាណជាង ៨ម៉ឺនដុល្លារអាមេរិក។

បើតាមប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់រូបនេះ បានបន្ថែមទៀតថា តាមរយៈគម្រោង ODA មុខងារនៃការផ្គត់ផ្គង់ទឹកកសិកម្មត្រូវបានពង្រឹងឲ្យតំបន់ស្រោចស្រព និងត្រូវបានពង្រីកពី ២៨០ហិចតាដល់ ៤០០ហិកតា។ ដូច្នេះបរិមាណប្រមូលផលក្នុងមួយហិចតាក្នុងរដូវវស្សាបានកើនឡើងពី ១តោនទៅ ៣.៥តោនក្នុងមួយហិចតាផងដែរ។

សម្រាប់កសិករ ពិល ហឺ បានបញ្ជាក់ទៀតថា នៅក្នុងឆ្នាំ ២០១៩នេះ លោកមិនអាចផលិតស្រូវនៅក្នុងរដូវវស្សាបានចំនួនពីរដងទេ ដោយសារតែរាជរដ្ឋាភិបាល បានប្រកាសមិនឲ្យផលិត ព្រោះដោយសារតែខ្លាច មានបញ្ហានៃការប្រើប្រាស់ទឹក។ កសិកររូបនេះលើកឡើងទៀតថា ចំពោះស្រូវសែនក្រអូបដែលប្រជាកសិករនិយមផលិត ទាល់តែមានតម្លៃចាប់ពី ១០០០រៀលឡើងទៅ ទើបចំណេញ ប៉ុន្តែបើសិនជាតម្លៃធ្លាក់ក្រោម ១០០០រៀលវិញ គឺច្បាស់ជាខាត។

លោកបន្ថែមទៀតថា ទោះបីជាយ៉ាងណាក៏ប្រជាពលរដ្ឋមានជីវភាពកាន់តែធូរធារជាងមុន បន្ទាប់ពីរដ្ឋាភិបាលជប៉ុនបានស្ដារឡើងវិញ នូវប្រព័ន្ធធារាសាស្ត្រកណ្តៀងនេះ។ លោកថា ក្រៅពីយកទឹកទៅធ្វើស្រូវនោះ ប្រជាកសិករក៏អាចយកទឹកទៅដាំបន្លែបង្ការមនិងដំណាំផ្សេងៗបានផងដែរ៕