(ភ្នំពេញ)៖ លោក អ៊ាង សុផល្លែត ប្រធានកិត្តិយសសាកលវិទ្យាល័យ «ផារ៉ាហ្គន (អតីតសាកលវិទ្យាហ្សាម៉ាន់)» បានទទូចសមត្ថកិច្ចពាក់ព័ន្ធតាមវែកមុខ ជនបើកបររថយន្តបុកកញ្ញា ឌុំ រីដា និស្សិតឆ្នើមនៅសាកលវិទ្យាល័យ «ផារ៉ាហ្គន» មកផ្តន្ទាទោសទៅតាមច្បាប់។
ថ្លែងពីរដ្ឋធានីប៉េកាំង ប្រទេសចិន ពេលកំពុងបំពេញបេសកកម្មការងារ លោក អ៊ាង សុផល្លែត ដែលមានតួនាទីជាជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងនោះ បានសម្តែងការអារម្មណ៍តក់ស្លុត និងក្តុកក្តួលជាពន់ពេកពេលទទួលបានដំណឹងដ៏សែនអកុសលលើកញ្ញា ឌុំ រីដា។
លោក អ៊ាង សុផល្លែត បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះថា និស្សិត ឌុំ រីដា គឺជានិស្សិតផ្នែកអាហារូបករណ៍ និងជានិស្សិតឆ្នើមមួយរូប នៅសាកលវិទ្យាល័យ «ផារ៉ាហ្គន»។ លោកអះអាងថា និស្សិតរូបនេះបានស្រវាស្រទេញ និងប្រឹងប្រែងក្នុងការសិក្សាយ៉ាងខ្លាំង។
លោក អ៊ាង សុផល្លែត បានសម្តែងការសោកស្តាយជាពន់ពេកជាមួយក្រុមគ្រួសារសព និងបានចាត់ទុកមរណភាពរបស់កញ្ញា ឌុំ រីដា មិនត្រឹមតែជាការបាត់បងកូនជាទីស្រឡាញ់ ប្រកបដោយគន្លងធម៌របស់ក្រុមគ្រួសារទេ តែក៏ជាការបាត់បង់និស្សិតដ៏ល្អរបស់សាលា និងបាត់បង់កុលធីតាជាធនធានដ៏ថ្លៃថ្លារបស់ជាតិផងដែរ។
ជាមួយការបង្ហាញអារម្មណ៍សោកសៅ និងសោកស្តាយហើយនោះ តាមរយៈ Fresh News លោក អ៊ាង សុផល្លែត បានទទូចដល់សមត្ថកិច្ចអនុវត្តន៍ច្បាប់ ពាក់ព័ន្ធទាំងអស់តាមវែកមុខជនបង្ក (ពិត) មកផ្តន្ទាទោសឲ្យបាន។ លោកថា ការស្វែងរកជនបង្កពិតមកទទួលទោស គឺជាការផ្តល់យុត្តិធម៌សម្រាប់សពកញ្ញា ឌុំ រីដា។
មរណភាពរបស់និស្សិត ឌុំ រីដា មិនត្រឹមតែក្រុមគ្រួសារទេដែលសោកសង្រេង សូម្បីតែថា្នក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតនៅសាកលវិទ្យាល័យផារ៉ាហ្គន បានសោកស្តាយ ជាពន់ពេកផងដែរ។ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ ថ្នាក់ដឹកនាំសាកលវិទ្យាល័យ សាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យផារ៉ាហ្គន បាននាំគ្នាទៅគោរពវិញ្ញានក្ខន្ធសព ដល់គេហដ្ឋានសពក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលផងដែរ។
សូមបញ្ជាក់ថា មកដល់ពេលនេះលោក យិន ហ្គិច ម្ចាស់រថយន្តបុកកញ្ញា ឌុំ រីដា ម៉ាករ៉ែងរ៉ូវើ ពាក់ផ្លាកលេខភ្នំពេញ 2AF-7777 បានចេញមករ៉ាប់រងលើហេតុការណ៍នេះហើយ។ តែទោះជាយ៉ាងណាជនជាអ្នកបើកបររថយន្តបុកជនរងគ្រោះពិតប្រាកដមិនទាន់បង្ហាញអត្តសញ្ញាណនៅឡើយទេ។
អ្នកឃើញហេតុការណ៍មួយចំនួនបានអះអាងថា អ្នកបើកបររថយន្តបង្កហេតុនេះគឺជានារី។ ក្នុងនោះតាមរយៈវីដេអូបង្ហាញលើកាមេរ៉ាសុវត្ថិភាព ក៏បានបង្ហាញភិនភាគជនបើករថយន្តបង្កជានារីផងដែរ។
ទោះបីជាយ៉ាងមកដល់ពេលនេះកម្លាំងសមត្ថកិច្ចកំពុងតែបើកការស៊ើបអង្កេតយ៉ាងដិតដល់ ដើម្បីស្វែងរកជនបង្កពិតមកផ្តន្ទាទោសទៅតាមច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ជូនសពកញ្ញា ឌុំ រីដា និងក្រុមគ្រួសារ ដែលកំពុងសោកសង្រេង៕