(ត្បូងឃ្មុំ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ បានស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាត់វិធានការទប់ស្កាត់ និងបង្រ្កាបឲ្យទាន់ពេលវេលា នូវការនាំចូលសត្វ និងសាច់សត្វ បទល្មើសព្រៃឈើ ជលផល និងសម្ភារកសិកម្មខុសច្បាប់។
ការស្នើរបស់រដ្ឋមន្ដ្រីកសិកម្ម បានធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០១៨-២០១៩ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០១៩-២០២០ ដែលរៀបចំធ្វើឡើង នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ។
លោក វេង សាខុន បានបញ្ជាក់ថា «ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីចាត់វិធានការទប់ស្កាត់ និងបង្រ្កាបឲ្យទាន់ពេលវេលា នូវការនាំចូលសត្វ និងសាច់សត្វ បទល្មើសព្រៃឈើ ជលផល និងសម្ភារកសិកម្មខុសច្បាប់ ជាពិសេសទប់ស្កាត់ដាច់ខាត ការនាំជ្រូកចូលខុសច្បាប់ ដោយសារជំងឺប៉េស្តជ្រូកអាហ្រ្វិក បាននិងកំពុងរាលដាល នៅប្រទេសជិតខាងនាពេលបច្ចុប្បន្ន»។
លោករដ្ឋមន្ដ្រី បានបន្ថែមថា ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់អនុវត្តភារកិច្ច ក្នុងស្មារតីទទួលខុសត្រូវ ធានាបានប្រសិទ្ធភាពខ្ពស់ ដោយអនុលោមតាមក្រមសីលធម៌ និងសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។ ត្រូវគ្រប់គ្រង មើលថែរក្សាទ្រព្យសម្បត្តិរដ្ឋឲ្យបានគង់វង្សល្អ និងត្រូវពង្រឹងប្រសិទ្ធភាព ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
លោក វេង សាខុន បន្ដទៀតថា បង្កើនការយកចិត្តទុកដាក់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលថាមន្រ្តីត្រូវបន្តចុះជួយប្រជាពលរដ្ឋដោយស្មោះត្រង់ មានភាពទទួលខុសត្រូវខ្ពស់ ឲ្យបានទូលំទូលាយ និងមានប្រសិទ្ធភាពជាងមុន។
ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី ក៏បានជំរុញការធ្វើពិពិធកម្មដំណាំសាកវប្បកម្ម ដែលត្រូវការទឹកតិច និងមានតម្រូវការទីផ្សារខ្ពស់ប្រកបដោយគុណភាព និងសុវត្ថិភាពដែលអាចជំនួសការនាំចូល និងបម្រើការនាំចេញ តាមរយៈការសម្របសម្រួល ទីផ្សារប្រមូលផ្តុំ បោះដុំ និងចែកចាយនៅតាមទីផ្សារផ្សេងៗក្នុងស្រុក។
លោកបានបញ្ជាក់ថា ត្រូវបន្តពង្រឹងការផ្តល់សេវាបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មទំនើប និងសមស្រប។ ត្រូវពង្រឹងសហគមន៍កសិកម្ម ឲ្យមានលក្ខណៈជាអាជីព ប្រែក្លាយកសិករទៅជាកសិពាណិជ្ជករ ហើយត្រូវសហការជាមួយវិស័យឯកជន ដើម្បីអភិវឌ្ឍខ្សែច្រវាក់ផលិតកម្ម តម្លៃលើមុខដំណាំសំខាន់ៗ តាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។
ទន្ទឹមគ្នានោះ លោកក៏បានស្នើឲ្យបន្តលើកកម្ពស់ផលិតភាព ផលិតកម្មកសិកម្ម ពិពិធភាវូបនីយកម្ម និងការធ្វើពាណិជ្ជកម្មក្នុងវិស័យកសិកម្ម តាមរយៈការបង្វែរទិសដៅពីការអភិវឌ្ឍន៍តាមបែប វិបុលវប្បកម្ម ទៅកាន់ការអភិវឌ្ឍន៍ តាមបែបប្រពលវប្បកម្ម ដើម្បីបង្កើនទិន្នផល ធានាគុណភាព សន្តិសុខស្បៀង បង្កើនប្រាក់ចំណូល និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។
លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ត្រូវបន្តផ្ទេរបច្ចេកទេសទំនើបសមស្របតាមដំណាំស្រូវ បន្លែ សត្វ វារីវប្បកម្ម ធាតុចូលកសិកម្មផ្សេងៗ ឲ្យសមស្របតាមគុណភាពដី ប្រភេទដំណាំ ប្រភពទឹក និងការប្រែប្រួលអាកាសធាតុ៕