(កំពត)៖ ក្នុងកិច្ចបន្តការខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យប្រទេសកម្ពុជាកាន់តែបៃតង និងស្រស់បំព្រង ក្រុមការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ឬហៅថា «ណាហ្គាវើលដ៍បេះដូងសប្បុរស» បានចូលរួមជាមួយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូ-អ្នកគ្រួ និងសិស្សានុសិស្ស ដើម្បីដាំកូនឈើកម្រប្រមាណ៤០០ដើម នៅតាមសាលារៀនមួយចំនួន ក្នុងខេត្តកំពត។
គំនិតផ្តួចផ្តើមដាំកូនឈើនេះ គឺជាកម្មវិធីទំនួលខុសត្រូវ ក្នុងសង្គមរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស បន្ទាប់ពីសន្និសីទសារព័ត៌មាន «លើកកម្ពស់ការយល់ដឹងស្តីអំពីបរិស្ថាន និងការដាំកូនឈើ» ដែលបានធ្វើឡើងកាលពីខែធ្នូ ក្នុងឆ្នាំមុន ដើម្បីជួយលើកកម្ពស់សម្រស់ នៃប្រទេសកម្ពុជាឲ្យកាន់តែស្អាត និងលើកកម្ពស់ការយល់ដឹងស្តី អំពីសារសំខាន់នៃបរិស្ថាន និងធម្មជាតិ។
នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានថ្លែងថា «សកម្មភាពយកចិត្តទុកដាក់ ទៅលើបរិស្ថានរបស់យើង គឺជាអ្វីដែលយើងផ្តោតជាពិសេស។ ដើមឈើ ផ្តល់ខ្យល់បរិសុទ្ធ និងកាត់បន្ថយផលប៉ះពាល់ នៃបម្រែបម្រួលអាកាសធាតុ»។
តាមការសិក្សាស្រាវជ្រាវ បានបង្ហាញថា ដើមឈើធំ ដែលមានស្លឹកច្រើនមួយដើម អាចផលិតខ្យល់អុកស៊ីសែនគ្រប់គ្រាន់ ក្នុងមួយឆ្នាំសម្រាប់មនុស្ស១០នាក់ ដកដង្ហើម ខណៈវាអាចស្រូបយកឧស្ម័នពុលកាបូនិច បានរហូតដល់២១គីឡូក្រាម។ ចំណែកម្លប់របស់វា ក៏ជួយកាត់បន្ថយកម្តៅ នៅបរិវេណជុំវិញផងដែរ ដែលវាអាចកាត់បន្ថយកម្តៅ បានពីពីរទៅបីអង្សារ។
ប្រភពដដែរ បានបន្ដថា «ដូច្នេះ ការដាំកូនឈើថ្មី មានសារសំខាន់ណាស់ដែលយើងទាំងអស់គ្នា អាចធ្វើបានដើម្បីលើកកម្ពស់បរិស្ថាន និងសុខុមាលភាពរបស់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ និងសហគមន៍របស់យើង»។
លោកថា ចាប់តាំងពីឆ្នាំ២០១៤មក ណាហ្គាវើលដ៍បេះដូងសប្បុរស បានដាំកូនឈើជាង ៣,៣០០ ដើមទូទាំងកម្ពុជា ហើយតាមរយៈការពន្យល់ណែនាំ ស្តីអំពីវិធីថែរក្សា និងអភិរក្សបរិស្ថានរបស់ក្រសួងបរិស្ថាន សិស្សានុសិស្សទាំងអស់ នឹងយល់កាន់តែច្បាស់អំពីតម្លៃនៃការអភិរក្សបរិស្ថាន។ ខ្ញុំសូមជំរុញអ្នកទាំងអស់គ្នាឲ្យចូលរួមជាមួយយើង និងធ្វើឲ្យកម្ពុជាកាន់តែបៃតង និងស្រស់បំព្រងជាងមុន!”។
លោក ជៀប ប៊ុនអ៊ាង ប្រធាននាយកដ្ឋានអប់រំ បរិស្ថាន នៃក្រសួងបរិស្ថាន បានកោតសរសើរដល់កម្មវិធីនេះ និងលើកទឹកចិត្តឲ្យមានការថែរក្សាប្រព័ន្ធអេកូឡូស៊ី និងធម្មជាតិផងដែរ។
លោកថា «យើងស្វាគមន៍គំនិតផ្តួចផ្តើមនេះ ក្នុងការជួយកាត់បន្ថយផលប៉ះពាល់ នៃបម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហាដ៏ធំបំផុតមួយ ដែលពិភពលោកកំពុងប្រឈម និងព្រួយបារម្ភក្នុងពេលបច្ចុប្បន្ន។ ដើមឈើ ស្រូបយកឧស្ម័នពុលកាបូនិច ពីក្នុងបរិយាកាស និងបញ្ចេញមកវិញនូវខ្យល់អុកស៊ីសែន ដូច្នេះដើមឈើ មានសារសំខាន់ខ្លាំងណាស់ សម្រាប់ជីវិតរបស់យើងទាំងអស់គ្នា»។
លោក ហេង រស្មី អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកកំពង់ត្រាច បានថ្លែងផងដែរថា «ការផ្តល់ម្លប់ធម្មជាតិ នៅក្នុងទីធ្លាសាលារៀន គឺជាអ្វីដែលក្រសួងតែងតែលើកទឹកចិត្ត ដើម្បីបង្កើតឲ្យមានបរិយាកាស សិក្សារៀនសូត្រប្រសើរជាងមុន»។
លោកថា លើសពីនេះ ឫសឈើ ស្រូបយកទឹក និងទប់ស្កាត់ការហូរច្រោះនៃដី ដែលជួយកាត់បន្ថយទឹកជំនន់ ដែលបណ្តាលឲ្យសាលារៀនផ្អាកដំណើរការ និងប៉ះពាល់ដល់ការសិក្សា របស់សិស្សានុសិស្ស។
លោក ឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាច បានថ្លែងថា «យើងគាំទ្រដល់គំនិតផ្តួចផ្តើមទាំងអស់ ដែលជួយធ្វើឲ្យបរិស្ថាន នៅក្នុងសហគមន៍របស់យើងប្រសើរឡើង»។
ដោយឡែក លោក ណែន វុទ្ធី នាយកសាលាបឋមសិក្សាកោះទ្រមូង ក៏បានឲ្យដឹងថា «អរគុណដល់ណាហ្គាវើលដ៍បេះដូងសប្បុរស និងក្រសួងពាក់ព័ន្ធទាំងអស់ ដែលបានឧបត្ថម្ភកូនឈើកម្រទាំងនេះ ដល់សាលារៀនរបស់យើង»៕