(រតនគិរី)៖ កម្លាំងនគរបាលជំនាញខេត្ត សហការជាមួយកម្លាំងអធិការស្រុកលំផាត់ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ កិ ដិ អាយុ៣៦ឆ្នាំ ជនជាតិទំពួ ន មុខរបរធ្វើចំការ មានទីលំនៅភូមិអុលធំ ឃុំបាតាង ស្រុកលំផាត់ (ត្រូវជាប្តីជនរងគ្រោះ) ដែលជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្ម កាលពីវេលាម៉ោង១៧៖៣០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចអូររ៉ាពឿង ក្នុងចំការស្វាយចន្ទីជនរងគ្រោះ ស្ថិតក្នុងភូមិអុលធំ ឃុំបាតាង ស្រុកលំផាត់។
ស្ត្រីជនរងគ្រោះ ឈ្មោះ កែ ញ៉ូន អាយុ៣៤ឆ្នាំ ជនជាតិទំពូន មុខរបរកសិករ មានទីលំនៅកន្លែងកើតហេតុខាងលើ កាលពីវេលាម៉ោង១៧៖៣០នាទី ព្រលប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ស្ត្រីរងគ្រោះ បានជិះម៉ូតូទៅងូតទឹកអូរ ដែលមានចំងាយ ពីផ្ទះប្រហែល១គីឡូម៉ែត្រ លុះបាត់ប្រពន្ធ រហូតដល់ម៉ោងជាង១៨យប់ (ថ្ងៃដដែល) ប្តីធ្វើជាឆោរឡោបង្វែងដាន ផ្អើលអ្នកភូមិដើររក ទើបម៉ោង១២៖៣០អាធ្រាត្រ (ថ្ងៃដដែល) ឃើញសពរួចរាយការណ៍ ជូននគរបាលមូលដ្ឋានចុះត្រួតពិនិត្យ។ រហូតដល់ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ វាំងននខ្មៅ បានបើកគឺជនសង្ស័យ ត្រូវជាប្តីស្ត្រីរងគ្រោះតែម្តង។
ក្រោយឃាត់ខ្លួនជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ប្រពន្ឋខ្លួនឯងពិតប្រាកដមែន ដោយសារខ្លួនខឹង នឹងប្រពន្ឋនិយាយមិនស្ដាប់ជាច្រើនលើក ទើបសំរេចចិត្តសម្លាប់តែម្ដង។ បច្ចុប្បន្ន បាននឹងកំពុងឃាត់ខ្លួន នៅការិយាល័យកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តរតនគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធី៕