(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ថែមរបស់វិស័យសុខាភិបាល ដែលកំពុងតែមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ទាំងក្នុងពេលបច្ចុប្បន្ន និងតម្រូវការនាពេលអនាគតនោះ មន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីអំពី «ការផ្សព្វផ្សាយតាមតំបន់ឥណ្ឌូចិនរបស់សមាគមអន្តោទស្សន៍កោសល្យ ប្រដាប់រំលាយអាហារអាស៊ីប៉ាស៊ីហ្វិក លើកទី ១៤ នៅប្រទេសកម្ពុជា»។
សិក្ខាសាលានេះបានរៀបចំធ្វើឡើងដោយសមាគម អន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារអាស៊ីប៉ាស៊ីហ្វិក (APSDE), សមាគមអន្តោទស្សន៍ កោសល្យប្រព័ន្ធរំលាយអាហារប្រចាំ នៅប្រទេសកម្ពុជា និងមន្ទីពេទ្យកាល់ម៉ែត។
លោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីពេទ្យកាល់ម៉ែត បានឲ្យដឹងថា ដើម្បីបង្ហាញឱ្យឃើញពីការរីកចម្រើនថ្មីមួយទៀត របស់ក្រុមគ្រូពេទ្យក្នុងជំនាញថ្លើម ក្រពះ ពោះវៀន ដែលនឹងផ្តល់នូវបទពិសោធន៍ និងបច្ចេកវិទ្យាថ្មី ដែលអាចឱ្យក្រុមគ្រូពេទ្យ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសកម្ពុជា អាចតាមទាន់ការរីកចម្រើននូវបច្ចេកវិទ្យាអង់ដូស្កូបពីរបស់ពិភពលោក។
លោកសាស្ត្រាចារ្យ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានបន្តទៀតថា វគ្គបណ្តុះបណ្តាលស្តីអំពី វិទ្យាសាស្ត្រ នៃសមាគមអន្តោទស្សន៍កោសល្យប្រដាប់រំលាយអាហារ អាស៊ី ប៉ាស៊ីហ្វិក ជាមួយប្រទេសកម្ពុជា ដែលជាសញ្ញាណល្អប្រសើរមួយ បញ្ជាក់នូវសាមគ្គីភាពយ៉ាងស្អិតរមួតរវាងភាគីមិត្ត ប្រទេសនៅឥណ្ឌូចិន និងប្រទេសកម្ពុជា គោលបំណងចម្បងគឺការផ្សព្វផ្សាយ ព្រមទាំងផ្លាស់ប្តូរនូវវិធីសាស្ត្រ បទពិសោធន៍ ពិនិត្យព្យាបាល និងការថែទាំ តាមបែបវិទ្យាសាស្ត្រ នៃការធ្វើអង់ដូស្កូបពី ដែលមានប្រសិទ្ធភាពខ្ពស់ ធានាបាននូវ គុណភាពទំនុកចិត្ត សម្រាប់អ្នកជំងឺដែលមកទទួលយក សេវាសុខុមាលភាព នៅមន្ទីពេទ្យ នៃប្រទេសកម្ពុជាយើង។
អ្វីដែលរឹតតែពិសេសបន្ថែមពីលើបទបង្ហាញជាទ្រឹស្តី វគ្គនេះ ក៏មានការបង្ហាញជាការអនុវត្តផ្ទាល់ ដែលត្រូវបានធ្វើឡើងពីសំណាក់ក្រុមគ្រូពេទ្យឯកទេស ភាគីសហប្រតិបត្តិការដែលសុទ្ធសឹងជាគុណប្រយោជន៍ បញ្ជាក់បន្ថែមទៅលើការពន្យល់ឲ្យកាន់តែច្បាស់ និងមានប្រសិទ្ធភាពខ្ពស់។នឹងនាំមកនូវបទពិសោធន៍ និងបច្ចេកទេសថ្មីៗ ដែលអាចឆ្លើយតបទៅនឹងតម្រូវការបន្ថែម របស់វិស័យ សុខាភិបាលដែលកំពុងតែមានការ អភិវឌ្ឍយ៉ាងខ្លាំងក្លាទាំងក្នុងពេលបច្ចុប្បន្ន និងតម្រូវការនាពេលអនាគត។
ជាមួយគ្នានោះដែរ លោកសាស្ត្រាចារ្យសង្ឃឹមថា វគ្គបណ្តុះបណ្តាលដ៏មានអត្ថប្រយោជន៍នេះ នឹងលើកបង្ហាញនូវប្រធានបទជាច្រើន រួមទាំងបច្ចេកទេសនិងបទ ពិសោធន៍ថ្មីៗ ព្រមទាំងមានការផ្លាស់ប្តូរ យោបល់គ្នា យ៉ាងផុលផុស ជាទុនមួយ ដែលមានតម្លៃធំធេង ជួយដល់វិស័យសុខមាលភាពនៅកម្ពុជា ពិសេសជួយដល់វេជ្ជបណ្ឌិតឯកទេសកាន់តែមានជំនឿជាក់ ដើម្បីគោលដៅតែមួយគឺក្នុងការពិនិត្យ ព្យាបាល ផ្តល់ជូនអ្នកជំងឺរបស់យើងនូវសេវាសុខុមាលភាព កាន់តែប្រសើរ និងផ្តល់នូវទំនុកចិត្តប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់ ក្នុងន័យឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលា ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
មុននឹងបញ្ចប់ តាងនាមមន្ទីរពេទ្យកាល់ម៉ែត និងខ្លួនលោកផ្ទាល់ សូមថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ លោកសាស្ត្រាចារ្យ ស៊ែហ្គូ គីតាណូ (Siego Kitano)ប្រធានសមាគមអន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារអាស៊ីប៉ាស៊ីហ្វិក លោកសាស្ត្រាចារ្យ ហ៊ីសៅ តាជីរិ (Hisao Tajiri) ប្រធានសមាគមអន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារ នៃប្រទេសជប៉ុន ព្រមទាំងក្រុមសាស្ត្រាចារ្យ វេជ្ជបណ្ឌិត សហភាតរៈគ្រប់បណ្តាប្រទេសទាំងអស់ដែល បានចូលរួមយ៉ាងច្រើនកុះករក្នុងឱកាសនេះ៕