(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសឲ្យដឹងថា មូលនិធិសកលនៅតែបន្តសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល លើការលុបប្រឆាំងជំងឺអេដស៍ របេង និងគ្រុនចាញ់ ក៏ដូចជាកម្មវិធីពង្រឹងប្រព័ន្ធសុខាភិបាល។ មិនតែប៉ុណ្ណោះលោករដ្ឋមន្រ្តីបានស្នើសុំមូលនិធិសកលបន្តឧបត្ថម្ភគាំទ្រ ផ្នែកហិរញ្ញវត្ថុដល់កម្មវិធីអាទិភាពទាំង៤នេះតទៅទៀត។
រដ្ឋមន្រ្តីសុខាភិបាលបានប្រកាសបែបនេះ នៅក្នុងឱកាសដែលលោក Weber Urban នាយកប្រចាំតំបន់របស់មូលនិធិសកល ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។
នៅក្នុងជំនួបនេះផងដែរលោក Weber Urban នាយកប្រចាំតំបន់របស់មូលនិធិសកល បានរាយការណ៍ជូនលោករដ្ឋមន្រ្តីអំពីសមិទ្ធផលសម្រេចបានក្នុងយុទ្ធនាការប្រឆាំង នឹងជំងឺឆ្លងទាំង៣នេះផងដែរ។ លោក Weber បានបញ្ជាក់បន្ថែមថា វឌ្ឍនភាពគួរជាទីមោទនៈ កើតមានឡើងដោយការដឹកនាំ និងការប្ដេជ្ញាចិត្តខ្ពស់របស់លោករដ្ឋមន្រ្តី ក៏ដូចជាមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាតំណាងរាជរដ្ឋាភិបាលបានទទួលជំនួយផ្ទាល់ ក្នុងការសហការយ៉ាងជិតស្និទជាមួយមូលនិធិសកល។
ជាមួយគ្នានេះលោកនាយកប្រចាំតំបន់ក៏បានស្នើសុំការគាំទ្ររបស់ រដ្ឋមន្រ្តីក្រសួងសុខាភិបាលជាបន្តទៀតក្នុងការសហការជាមួយមូលនិធិសកល ដើម្បីសម្រេចបាននូវយុទ្ធសាស្រ្តដែលបានដាក់ចេញ៕