(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ក្នុងនាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលការចូលជួបសំដែងការគួរសមពីសំណាក់ក្រុមបេសកកម្មការងារ នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលដឹកនាំដោយលោក Jarkko Turunen ដែលជាប្រធានក្រុមបេសកកម្ម ព្រមទាំងចូលរួមដោយលោកស្រី Eteri Kvintrade សេដ្ឋវិទូជាន់ខ្ពស់នៃនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក, លោក David Corvino សេដ្ឋវិទូ នៃនាយកដ្ឋានអាស៊ី ប៉ាស៊ីហ្វិក, លោកស្រី Lisa Uemae សេដ្ឋវិទូពីការិយាល័យតំបន់អាស៊ីប៉ាស៊ីហ្វិក និងលោកស្រី Matanee Satraphai សេដ្ឋវិទូពីការិយាល័យអភិវឌ្ឍន៍ សមត្ថភាពនៃប្រទេសថៃ (CDOT)។
ក្នុងនាមក្រុមការងារ, លោក Jarkko Turunen បានជម្រាបជូនរដ្ឋលេខាធិការប្រចាំការ វង្សី វិស្សុត ពីគោលបំណង នៃបេសកកម្មការងារនៅកម្ពុជាពីថ្ងៃ២៧ ខែមីនា-០២ ខែមេសា ២០១៩ ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងឆ្នាំកន្លងៗទៅ ដោយផ្តោតលើការវាយតម្លៃសេដ្ឋកិច្ច និងការអនុវត្តគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ព្រមទាំងទស្សនវិស័យរយៈពេល មធ្យមខាងមុខ, កិច្ចប្រឹងប្រែងលើការងារប្រមូលចំណូល, ភាពប្រុងប្រយ័ត្ននៃការអនុវត្តវិធានការសារពើពន្ធផ្សេងៗ, វឌ្ឍនភាពនៃការអនុវត្តការងារកែទម្រង់របស់រាជរដ្ឋាភិបាល, គោលនយោបាយអាទិភាពសំខាន់ៗ ព្រមទាំងការពង្រឹងសមត្ថភាពមន្រ្តីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទន្ទឹមនេះ ក្រុមការងារក៏បានជម្រាបជូនរដ្ឋលេខាធិការប្រចាំការ បន្ថែមពីបច្ចុប្បន្នភាព នៃនិន្នាការសេដ្ឋកិច្ចសកល, ការកើនឡើងនូវភាពមិនច្បាស់លាស់ ដែលកើតចេញពីភាពតានតឹងនៃសង្គ្រាម ពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន, ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប និងការថមថយលឿនជាងការរំពឹងទុកនៃសេដ្ឋកិច្ចចិន... ជាដើម។
រដ្ឋលេខាធិការប្រចាំការ វង្សី វិស្សុត បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ការងារកន្លងមករបស់ក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ លើការវាយតម្លៃពីស្ថានភាព ម៉ាក្រូសេដ្ឋកិច្ច និងការអនុវត្តគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ដោយមានការដាក់ចេញនូវអានុសាសន៍គោលនយោបាយល្អៗ និងចាំបាច់ ដើម្បីជួយតម្រង់ទិសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែប្រសើរឡើង។
រដ្ឋលេខាធិការប្រចាំការ ក៏បានជម្រាបជូនដល់ក្រុមបេសកកម្ម នៃមូលនិធិរូបិយវត្ថុអន្តរជាតិផងដែរ ពាក់ព័ន្ធនឹងការងារគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកា របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការងារកែមទ្រង់ប្រព័ន្ធថវិកា ក៏ដូចជាការរៀបចំនូវឯកសារយុទ្ធសាស្ត្រសំខាន់ៗ មានដូចជា យុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម, យុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិកាថ្នាក់ក្រោមជាតិ និងយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ។ល។
ទន្ទឹមនឹងនេះដែរលោកក៏បានជម្រាបជូនក្រុមការងារពីការកើនឡើងនូវតម្រូវការកសាង និងពង្រឹងសមត្ថភាពការងាររបស់មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្នើសុំការបន្តកិច្ចសហប្រតិបត្តិការល្អ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមូលនិធិរូបិយវត្ថុអន្តរជាតិ តាមរយៈការបន្តផ្តល់ការបណ្តុះ -បណ្តាលបន្ថែមទៀតទាំងក្នុងស្រុក និងក្រៅប្រទេស។
ជាទីបញ្ចប់លោក វង្សី វិស្សុត ក៏បានជូនពរក្រុមការងារឱ្យទទួលបានជោគជ័យ និងផ្លែផ្កាសម្រាប់ការបំពេញបេសកកម្មការងារនៅកម្ពុជា៕