(រតនគិរី)៖ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី និងលោក ផាត់ សម្បត្តិ អភិបាលរស្រុកអណ្តូងមាស បានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ដល់មន្ត្រីនគរបាលជាតិ នៃវរសេនាតូចនគរបាលព្រំដែនគោកលេខ២០៣ និងអធិការដ្ឋាននគរបាលស្រុកអណ្តូងមាស ដោយបំពាក់ស័ក្តិចំនួន៥៦នាក់ និងប្រកាសតួនាទី១៩នាក់។
ចូលរួមក្នុងអង្គពិធីខាងលើនេះដែរ ក៏មានលោកឧត្តមសេនីយ៍ត្រី ហេង រតនៈស្នងការរងទទួលផែនការងារព្រំដែន, លោកឧត្តមសេនីយ៍ អ៊ឹម ផានី ស្នងការរងទទួលផែនសន្តិសុខ, លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច, លោកឧត្តមសេនីយ៍ត្រី ហ្វង ថាណម ស្នងការរងទទួលផែនធនធានមនុស្ស, នាយការិយាល័យជំនាញមួយចំនួន, លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនលេខ២០៣ និងលោកអធិការនគរបាលស្រុកអណ្តូងមាស។
ថ្លែងក្នុងអង្គពិធីខាងលើនេះដែរ លោកឧត្តមសេនីយ៍ទោ យិន ចំណាន បានថ្លែងថា មន្ត្រីនគរបាលដែលត្រូវបំពាក់ស័ក្តិ និងប្រកាសភារកិច្ច គឺសុទ្ធតែបុគ្គលមានស្នាដៃបម្រើប្រទេសជាតិ, បម្រើប្រជាពលយកអស់កម្លាំងកាយ, កម្លាំងចិត្តដោយមិនខ្លាចនឿយហត់ទើបថ្នាក់លើផ្តល់ឲ្យ។
បន្ថែមលើនេះលោកឧត្តមសេនីយ៍ទោ យិន ចំណាន បានជំរុញឲ្យកម្លាំងនគរបាលអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល, មានសាមគ្គីភាពផ្ទៃក្នុងល្អ, សហការជាមួយសមត្ថកិច្ចតាមមូលដ្ឋានគ្រប់លំដាប់ថ្នាក់, បញ្ចេញសមត្ថភាពដើម្បីបានកិត្តិយស និងគោរពបទបញ្ជាថ្នាក់លើ។
ទន្ទឹមនឹងនោះដែរ លោកស្នងការ ក៏បានទទួលយកសំណើររបស់លោកអធិការនគរបាលស្រុកអណ្តូងមាស ដូចជា សុំកម្លាំងបន្ថែមដើម្បីបំពេញប៉ុស្តិ៍នគរបាលដែលមានវិសាលភាពធំ, មន្ត្រីនគរបាលមានជំនាញខាងកុំព្យូទ័រមកបំរើការក្នុងអធិការដ្ឋានផងដែរ៕