(កំពង់ចាម)៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន ប្រធានគណៈអភិបាលខេត្ត និងជាអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ បានចុះបើកកិច្ចប្រជុំ នៅសាលាស្រុកកំពង់សៀម ក្នុងគោលបំណងពង្រឹងមន្ត្រីថ្នាក់មូលដ្ឋានឲ្យបន្ថែមចំណេះដឹង នៃការរៀបចំកិច្ចការរដ្ឋបាល និងប្ដូរឥរិយាបថអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ។
ក្រោយពីបានទទួលទិន្នន័យខ្លះៗ នូវចំណុចខ្វះខាត នៃការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីអាជ្ញាធរមូលដ្ឋាន ពីមន្ត្រី នៃមន្ទីរអធិការកិច្ចខេត្តកំពង់ចាមលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានរៀបចំបេសកកម្ម បើកកិច្ចប្រជុំតាមបណ្តាស្រក-ក្រុង ដោយចាប់ផ្តើមពីស្រុកកំពង់សៀមទៅ ដើម្បីណែនាំបន្ថែមដល់មន្ត្រីអាជ្ញាធរមូលដ្ឋាន ក្នុងគោលបំណងពង្រឹងតួនាទីភារកិច្ច ទៅលើចំណុចខ្វះខាតដូចជា កិច្ចការរដ្ឋបាល និងការកែប្រែឥរិយាបថរបស់មន្រ្តី ឲ្យមកអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យសម ស្របទៅនឹងគោលនយោបាយរបស់រាជ រដ្ឋាភិបាល និតិកាលទី៦ នេះផងដែរ។
លោកអភិបាលខេត្តបានថ្លែងថា ជាគោលបំណងរបស់ថ្នាក់ដឹកនាំខេត្ត ដែលចុះមកបើកកិច្ចប្រជុំនេះ គឺដើម្បីស្ដាប់នូវចំណុចខ្វះខាត នឹងធ្វើការណែនាំទៅដល់មន្ត្រីថ្នាក់មូលដ្ឋានឲ្យយកចិត្តទុកដាក់ ក្នុងការ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឲ្យសមស្របទៅតាមនីតិវិធីច្បាប់ និងគោលការណ៍ដែលមានចៀសវាងការអនុវត្តភារកិច្ចទៅតាមទម្លាប់ ឬក៏ការអនុវត្តភារកិច្ចដែលរំលោភអំណាចគ្នា។
លោកអភិបាលខេត្ត បន្តថា រាជរដ្ឋាភិបាលក្នុងនីតិកាលទី៦នេះ កំពុងអនុវត្តនយោបាយកំណែទម្រង់លើគ្រប់ផ្នែកគ្រប់វិស័យយ៉ាងច្រើន ដែលយើងទាំងអស់គ្នាបានឮតាំងពីឆ្នាំ២០០២មកម្ល៉េះ។ ក៏ប៉ុន្តែជាបណ្តើៗនោះ គ្រាន់តែមានការប្រជុំផ្សព្វផ្សាយបញ្ជ្រាបលើសមត្ថភាពឲ្យមន្ត្រីរបស់យើង មានការយល់ដឹង ចេះដឹង និងចូលរួមអនុវត្ត។ ដូច្នេះមកដល់ក្នុងដំណាក់កាលនេះ១៧ឆ្នាំកន្លង ទៅហើយ មន្រ្តីយើងគួរតែមានការយល់ដឹងចេះដឹង និងអនុវត្តន៍ឲ្យបានត្រឹមត្រូវទាំងអស់គ្នា។
លោកអភិបាលខេត្តបានបន្តថា ជាមួយនឹងអភិក្រមទាំង ៥មានដូចជា ងូតទឹកដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល វះកាត់ របស់រាជរដ្ឋាភិបាល មន្ត្រីយើងសុទ្ធតែបានឮនិងទន្ទេញជាប់មាត់ស្ទើរតែគ្រប់គ្នា
ផងដែរ ប៉ុន្តែកន្លងមករាជរដ្ឋាភិបាលចេះតែមានការអនុគ្រោះដោយសារតែយល់ឃើញថា ចំណេះដឹងរបស់មន្រ្តីនៅមានកម្រិត៕