(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ បានចេញសារថ្លែងអំណរគុណដល់ក្រុមហ៊ុន W&D ដែលបានយល់ព្រមទទួលយកកម្មករឱ្យចូលរួមធ្វើការវិញ តបទៅតាមការអំពាវនាវរបស់សម្តេច។
សម្តេចតេជោ ហ៊ុន សែន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «សុំអរគុណក្រុមហ៊ុន W&D ដែលបានទទួលយកកូនក្មួយកម្មករវិលត្រឡប់ទៅចូលធ្វើការងារវិញ តាមការអំពាវនារវរបស់ខ្ញុំកាលពីពេលថ្មីៗនេះ»។
ទន្ទឹមនឹងការថ្លែងអំណរគុណដល់រោងចក្រ ដែលទទួលយកកម្មករ ឱ្យចូលធ្វើការនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំឱ្យកម្មករទាំងអស់កុំធ្វើកូដកម្ម ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សង្វាក់ផលិតរបស់រោងចក្រ ព្រមទាំងអំពាវនាវដល់ ក្រុមហ៊ុនម្ចាស់រោងចក្រ និងកម្មករ ត្រូវនិយាយគ្នារកដំណោះស្រាយសមស្របល្អនានា ដើម្បីកុំឱ្យប៉ះពាល់ដល់ប្រយោជន៍របស់ក្រុមហ៊ុនផង និងផលប្រយោជន៍កម្មករផង។
សូមបញ្ជាក់ថា រោងចក្រ W&D នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ បានប្រកាសទទួលយកកម្មករទាំងអស់ ឱ្យចូលធ្វើការងារវិញហើយ ដោយរក្សាអតីតភាពការងាររបស់ពួកគេឱ្យនៅដដែល។ ក្រុមហ៊ុនបានធ្វើការសម្រេចដូចខាងក្រោម៖
១៖ យល់ព្រមទទួលយកកម្មករនិយោជិតទាំងអស់ចូលបម្រើការងារវិញ ដោយរក្សាអតីតភាព
ការងារនៅដដែល។
២៖ បងប្អូនកម្មករ និយោជិតត្រូវចូលធ្វើការងារវិញជាប្រក្រតី នៅវេលាម៉ោង ៧:០០នាទីព្រឹក ចាប់ពីថ្ងៃទី
២៩ និង ៣០ ខែមីនា ឆ្នាំ២០១៩ ជាកំហិត។
៣៖ ក្រុមហ៊ុនមិនផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗក្នុងអំឡុងពេលធ្វើកូដកម្មឡើយ ដោយ
យោងតាមមាត្រា៣៣២ នៃច្បាប់ស្តីពីការងារ។
៤៖ បងប្អូនកម្មករ និងយោជិត ទាំងអស់ នៅពេលចូលធ្វើការវិញត្រូវគោរពតាមការចាត់ចែង និងអនុវត្ត
តាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ បានអំពាវនាវដល់ថៅកែរោងចក្រ W & D (Cambodia) Co., Ltd. ឲ្យទទួលយកកម្មករ កម្មការិនី ជាង១០០នាក់ ចូលធ្វើការវិញ ក្រោយពីពួកគេចាញ់បោក ការញុះញង់របស់មនុស្សមួយចំនួន ឲ្យទៅធ្វើបាតុកម្មរហូតដល់ ថៅកែរោងចក្របឈ្ឈប់ពីការងារ៕