(ព្រះវិហារ)៖ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ក្នុងចំណោមកម្លាំងពលកម្មក្នុងវិស័យទេសចរណ៍ គឺមានស្ត្រីដល់ទៅជាង ៦០% ដែលនេះជាសក្ខីភាពសបញ្ជាក់ឱ្យឃើញថា ស្រ្តីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ និងជាគុណតម្លៃដែលពុំអាចមើលរំលងបាន។

លោកស្រីរដ្ឋលេខាធិការ លើកឡើងយ៉ាងដូច្នេះនៅក្នុងពិធីផ្សព្វផ្សាយអនុសាសន៍សម្តេចតេជោនាយករដ្ឋមន្តី្រ ហ៊ុន សែន អមជាមួយវគ្គបណ្តុះបណ្តាលស្តីពី ការបញ្ជ្រាបយេនឌ័រក្នុងវិស័យទេសចរណ៍ ក្នុងនាមតំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានប្រារព្ធធ្វើនៅសាលកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នាថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោកស្រី ហ៊ុន ដានី បានលើកឡើងថា ផ្តើមចេញពីចំណុចសូន្យពីប្រទេសដែលគេស្គាល់ថាជាវាលពិឃាត មកជាប្រទេសដែលមានការអភិវឌ្ឍរីកចម្រើន ផ្តល់ភាពកក់ក្តៅ និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញទាំងក្នុងបរិបទតំបន់ និងពិភពលោក។ ជាក់ស្តែង បុគ្គលដែលត្រូវបានគេស្គាល់ថាជាជនល្បីៗ ក៏បានធ្វើដំណើរមកដល់កម្ពុជា ក្នុងគោលបំណងទេសចរណ៍ និងស្វែងរកការវិនិយោគនៅកម្ពុជាផងដែរ។

នៅក្នុងឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ សូចនាករទេសចរណ៍បានបង្ហាញថា ទេសចរអន្តរជាតិដែលបានមកដល់កម្ពុជាមានការកើនឡើង ១០.៧% ក្នុងចំនួន ៦.២លាននាក់។ ទន្ទឹមនឹងនោះ ទេសចរជាតិចំនួនជាង ១១លាននាក់ កើនឡើង ១.៨% ចំណូលពីវិស័យទេសចរណ៍ចំនួន ៤,៣៧៥លានដុល្លារ កើនឡើង ២០.៣%។ វិស័យទេសចរណ៍បានរួមចំណែកផលិតផលក្នុងស្រុកសរុប ១២.៧% និងមានកម្លាំងពលកម្មដែលបម្រើការដោយផ្ទាល់ក្នុងវិស័យនេះប្រមាណជាង ៦២មុឺននាក់។

លោកស្រី ហ៊ុន ដានី ក៏បានលើកឡើងថាក្នុងចំណោមកម្លាំងពលកម្មទាំងនេះ គឺមានស្ត្រីដល់ទៅជាង ៦០% ដែលកំពុងបម្រើការក្នុងវិស័យទេសចរណ៍។ ស្ត្រីមានវត្តមាននៅគ្រប់សេវាកម្មទាំងអស់ ទាំងសេវាកម្មជួរមុខ និងសេវាកម្មជួរក្រោយ ហើយបានរួមចំណែកយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ»។ នេះជាសក្ខីភាពសបញ្ជាក់ឱ្យឃើញថា ស្រ្តីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ ជាគុណតម្លៃដែលពុំអាចមើលរំលងបាន។

ក្នុងបរិការណ៍នេះ ទាមទារឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងមកលើស្រ្តី។ ក្រសួងទេសចរណ៍ បាននិងកំពុងជំរុញលើកទឹកចិត្តដល់ស្រ្តី ឱ្យទទួលបានសេវាបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស វគ្គបណ្តុះបណ្តាលជំនាញខ្លីៗ និងជំរុញឱ្យស្រ្តីមានការចូលរួមកាន់តែច្រើនកាន់តែសកម្មជាងមុន និងបានចងក្រងជាក្រុមនារីឯកជន ជាបណ្តាញនៅទូទាំងប្រទេស ដើម្បីងាយស្រួលផ្តល់នូវព័ត៌មាន ចែករំលែកបទពិសោធន៍ ជួយគាំពារផ្លូវស្មារតី និងការអប់រំជាដើម។ល។ ដើម្បីឱ្យស្រ្តីមានការយល់ដឹង ស្រលាញ់ការងារ ស្រលាញ់វិជ្ជាជីវ: និងចូលរួមលើកកម្ពស់សីលធម៌ ប្រពៃណី ទំនៀមទម្លាប់ស្រ្តីខ្មែរ ដើម្បីបង្ហាញ និងទាក់ទាញដល់ភ្ញៀវទេសចរ។

លោកស្រីបានបន្ថែមថា បច្ចុប្បន្នក្រសួងបាននិងកំពុងដាក់ចេញនូវចលនាប្រឡងប្រណាំង «នារីឆ្នើមផ្នែកឯកជនក្នុងវិស័យទេសចរណ៍» ក្នុងគោលបំណងជំរុញឱ្យមានការចូលរួម ការលើកកម្ពស់ស្នាដៃស្រ្តីប្រកបដោយគុណវុឌ្ឍិ ការអភិវឌ្ឍសមត្ថភាព ស្របទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលបានចាត់ទុក «ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គម»៕