(កំពង់ស្ពឺ)៖ ក្រុមត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តកំពង់ស្ពឺ សហការជាមួយក្រុមត្រួតពិនិត្យយានយន្តក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ បានឃាត់រថយន្តចំនួន០២គ្រឿង ដើម្បីត្រួតពិនិត្យ ដែលមានប្រវែងបណ្ដោយសរុប១៨.៦០ម៉ែត្រ ដែលច្បាប់ចរាចរណ៍ផ្លូវគោកកំណត់ឲ្យរថយន្តប្រភេទនេះ មានប្រវែងសរុបត្រឹមតែ ១៦ម៉ែត្រប៉ុណ្ណោះ ។
ដូច្នេះរថយន្តទាំង២គ្រឿង ដែលជំនាញឃាត់នាពេលនេះ តម្រូវកាត់កន្ទុយរ៉ឺម៉កប្រវែង ២.០៦ម៉ែត្រចោល ទុកតែប្រវែងសរុបចំនួន ១៦ម៉ែត្រប៉ុណ្ណោះ។
បើយោងតាមលោក ចាន់ ឆាយហុង អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានគូសបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសយានយន្ត បានធ្វើការឃាត់ និងធ្វើការកាត់កន្ទុយរ៉ីម៉ក់ ធ្វើឡើងនៅចំណុចលើផ្លូវជាតិលេខ៤ គីឡូម៉ែតលេខ៥២ នៅក្នុងភូមិព្រះត្រពាំង សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លោកបន្តឲ្យដឹងទៀតថា មុនដំបូងម្ចាស់រថយន្តពុំអនុញ្ញាតឲ្យធ្វើការកាត់កន្ទុយរឺម៉ក់ទេ តែក្រោយពីមន្ត្រីជំនាញធ្វើការពន្យល់លើអង្គហេតុ និងអង្គច្បាប់រួចមក ទើបក្រុមម្ចាស់យានយន្តខុសច្បាប់ ទាំងនោះ បានអនុញ្ញាតឲ្យមន្ត្រីជំនាញធ្វើការកាត់កន្ទុយ រឺម៉កលើរបស់ខ្លួនតាមផ្លូវច្បាប់។
ជាមួយគ្នានោះផងដែរ លោកអនុប្រធានមន្ទីរ ក៏បានសំណូមពរទៅដល់ម្ចាស់យានយន្ត ក៏ដូចជា ម្ចាស់ក្រុមហ៊ុនរថយន្ត ត្រូវការសហការ និងគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួន នូវរថយន្តមានកន្ទុយរឺម៉ក ចរាចរណ៍លើផ្លូវសាធារណៈទាំងអស់ ត្រូវពិនិត្យរថយន្តរបស់ខ្លួន កុំឲ្យលើសប្រវែងសរុប ១៦ម៉ែត្រ ស្របតាមច្បាប់កំណត់របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕