(កណ្តាល)៖ នៅព្រឹកថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទ ក្រហមកម្ពុជា បានចាត់ឱ្យលោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពកញ្ញា ឌុំ រីដា អាយុ ២២ឆ្នាំ ជានិស្សិតអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យអន្ដរជាតិ ផារ៉ាហ្គន (អតីតហ្សាម៉ាន់) ផ្នែកវិទ្យាសាស្ដ្រនយោបាយឆ្នាំទី៤ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្ត Range Rover បុកបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ ស្ថិតនៅតាមផ្លូវលេខ ៣១៧ កែងផ្លូវលេខ ៥២៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលពេលនេះ សពជនរងគ្រោះត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតស្ថិតនៅភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។
ក្នុងឱកាសនៃពិធីបុណ្យសពនេះ កាកបាទក្រហមកម្ពុជា សូមចូលរួមសំដែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយ គ្រួសារសព ដែលត្រូវបាត់បង់កូនស្រី និងជាសាច់ញាតិជាទីស្រឡាញ់ ទាំងវ័យក្មេង ព្រមទាំងជាការបាត់បង់ធនធានមនុស្សដ៏ឆ្នើមរៀនពូកែមួយរូប និងសូមឧទ្ទិសដល់វិញ្ញានក្ខន្ធសពកញ្ញា ឌុំ រីដា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្រុមគ្រួសារសពបានសំដែងក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ និងជួយឧបត្ថម្ភ ក្នុងពិធីបុណ្យសពនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដើម្បីជួយសម្រាលការលំបាកក្នុងពិធីបុណ្យនេះ។
សូមបញ្ជាក់ថា សម្ភារដែលចូលបុណ្យរួមមាន ៖ អង្ករ ១០០គីឡូក្រាម ត្រីខ ៥០កំប៉ុង មី ៥កេស ទឹកក្រូច ៥កេស និងបច្ច័យចូលបុណ្យមួយចំនួន៕