(ភ្នំពេញ)៖ ព្រីនស៍ស៊ុបភើម៉ាឃីត នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ បានបើកសម្ពោធសាខាទី៥ថ្មីរបស់ខ្លួន និងផ្តល់កាដូពិសេសដល់អតិថិជន សម្រាប់ឱកាសចូលឆ្នាំខ្មែរ ដែលនិងជិតចូលមកដល់នាពេលខាងមុខនេះ ជាមួយនឹងការបញ្ចុះតម្លៃ២៥% លើមុខទំនិញប្រមាណ៣ពាន់មុខ ដើម្បីអបអរសាខាថ្មីទី៥នៃផ្សារទំនើបព្រីនស៍ ក្នុងខណ្ឌចំការមន។
ក្នុងពិធីសម្ភោធន៍ផ្សារទំនើបទី៥របស់ព្រីនស៍ស៊ុបភើម៉ាឃីតនេះដែរ លោក ឈិន ចិពីង នាយកប្រតិបត្តិផ្សារទំនើប Prince SuperMarket បានលើកឡើងថា «ការលក់បញ្ជុះតម្លៃនេះធ្វើឡើង ដើម្បីអបអរសាខាថ្មីទី៥ របស់ក្រុមហ៊ុនព្រីនស៍ និងចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ស្របពេលដែលតម្រូវការទិញទំនិញក្នុងឪកាសពិធីបុណ្យនេះ កំពុងមានភាពមមាញឹក និងតម្រូវការខ្ពស់ផងដែរ»។
លោកបន្តថា វត្តមានផ្សារទំនើបទី៥របស់ ព្រីនស៍ស៊ុបភើម៉ាឃីត (Prince SuperMarket) នៅក្នុងទីតាំងនេះ ក៏នឹងអាចចូលរួមឆ្លើយតបបាន ទៅនឹងតម្រូវការនៃការទិញទំនិញប្រើប្រាស់សម្រាប់អាហារប្រចាំថ្ងៃ បន្លែផ្លែឈើ និងទំនិញសំខាន់ផ្សេងៗទៀត ដែលមានលក់ក្នុងផ្សារទំនើបថ្មីនេះ ជាមួយនឹងការថែមជូនពិសេសនូវប្រមូលសិនរហូតដល់ ២៥%ទៅតាមមុខទំនិញផ្សេងៗ រហូតដល់បំណាច់ពិធីបុណ្យចូលឆ្នាំខ្មែរ។
លោកបន្ថែមថា «ផ្សារទំនើបទី៥ Prince SuperMarket នេះ មានទំនិញចម្រុះជាច្រើនពាន់មុខ ដោយទំនិញទាំងនោះប្រមាណជា ៣៥%ជាផលិតផលរបស់ខ្មែរ និងក្រៅពីនោះជាផលិតផលនាំចូលពីក្រៅប្រទេសដូចជា ចិន ថៃ និងជប៉ុន ជាដើម។ ផ្សារទំនើបនេះ មានគោលការណ៍រួម ៤យ៉ាងគឺ សេវាកម្ម, ផលិតផល, តម្លៃ, ភាពស្រស់នៃទំនិញ សម្រាប់ប្រជាជនកម្ពុជាដែលមានជីវភាពមធ្យម ដែលអាចទិញទំនិញប្រកបដោយគុណភាពល្អ ជាពិសេសគឺការបញ្ចុះតម្លៃ និងការផ្តល់ជូននូវរង្វាន់ផ្សេងៗ រយៈពេល៧អាទិត្យពេញ រួមជាមួយកន្ត្រក់ទំនិញតម្លៃ៥០ដុល្លារ បញ្ចុះតម្លៃ៥០% និងមានអាំងប៉ាវ៥០ដុល្លារផងដែរ»។
គួរបញ្ជាក់ថា នេះជាសាខាទី៥ហើយ របស់ផ្សារទំនើប Prince SuperMarket ដែលត្រូវបានវិនិយោគដោយ ក្រុមហ៊ុន Prince Real Estate Group ហើយជាចក្ខុវិស័យរបស់ក្រុមហ៊ុន គ្រោងនឹងពង្រីកឲ្យបានច្រើនទីតាំងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប និងប៉ោយប៉ែតជាដើម៕