(ព្រះសីហនុ)៖ ប្រឡាយទឹកកខ្វក់ហូរចូលទៅសមុទ្រចំណុចឆ្នេរសុខា ត្រូវបានបិទលែងឲ្យហូរចូលសមុទ្រទៀតហើយ ជំនួសមកវិញដោយការបូមទម្លាក់ទៅស្ថានីយ៍អាងប្រព្រឹត្តិកម្ម នៅអូរឈើទាលវិញ ដើម្បីចម្រោះជាតិពុលសិនមុនបង្ហូរចូលទៅសមុទ្រ។
ការសម្រេចបិទនេះធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីស្ថានីយ៍បូមទីIIIនៅចំណុចនេះ បានបំពាក់ម៉ាស៊ីនបូមរួចរាល់ហើយដែរ។
លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការគ្រប់គ្រងប្រព័ន្ធលូប្រឡាយ អូរ បានបញ្ជាក់ថា មូលហេតុនៃការសម្រេចបិទទំនប់បង្ហៀរទឹកកខ្វក់ នៅចំណុចឆ្នេរសុខាខាង លើនេះ ដើម្បីស្ទាក់ទឹកកខ្វក់តាមប្រឡាយហូរចូលទៅក្នុងស្ថានីយ៍បូមទឹកកខ្វក់ទី៣ ដើម្បីបូមបញ្ចូលទៅស្ថានីយ៍ចម្រោះនៅអូរឈើទាល ធ្វើការច្រោះរួចបង្ហូរចេញទៅសមុទ្រ។ ព្រោះ
ការសាងសង់ស្ថានីយ៍បូមទឹកកខ្វក់ បានរួចរាល់និងកំពុងដំណើរការសាកល្បង។
លោក ជាវ វិជ្ជាក់ បានគូសបញ្ជាក់បន្ថែមថា ជាគោលបំណងដ៏សំខាន់ ក្នុងកិច្ចការងារនេះ ធ្វើយ៉ាងណាឈានទៅកាត់បន្ថយបរិមាណទឹកកខ្វក់ ដែលកន្លងមកបានរហូរចូលសមុទ្រឲ្យបានជាអតិបរមា ចៀសវាង នាំឱ្យប៉ះពាល់ទៅដល់ឆ្នេរនិងទឹកសមុទ្រ។
ទោះយ៉ាងណា រដ្ឋបាលខេត្តព្រះសីហនុ មានរំពឹងថា អនាគតបញ្ហាទឹកកខ្វក់នៅខេត្តព្រះសីហនុ នឹងត្រូវដោះស្រាយបាន ហើយវានឹងលែងជាកង្វល់ធ្ងន់ធ្ងរដូចសព្វថ្ងៃនេះទៀត។
គួរបញ្ជាក់ថា ការរៀបចំប្រពន្ធ័គ្រប់គ្រងសំណល់រាវនៅខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលគិតគូរយ៉ាងយកចិត្តទុកដាក់បំផុត។ ក្នុងនោះគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ កម្ពុជា (គ អ ឆ ក) ក៏ត្រូវបានបង្កើតឡើងក្រោមការដឹកនាំដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដី ដើម្បីជួយដោះស្រាយបញ្ហាទឹកកខ្វក់នេះ។
ជាក់ស្តែង (គ អ ឆ ក) ដោយមានការខិតខំប្រឹងប្រែង និងកិច្ចសហការគ្នាល្អជាមួយរដ្ឋបាលខេត្តព្រះសីហនុ ស្ថានីយ៍បូមទឹកកខ្វក់ចំនួន៨ត្រូវបានរៀបចំឡើងសាងសង់ ខណៈស្ថានីយ៍ចំនួនបួនកន្លែង បានកសាងរួចរាល់និងកំពុងដំណើការសាកល្បង។
លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ បានថ្លែងថា ដោយអនុវត្ដតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារអន្ដរក្រសួង ក្នុងនោះឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា (គអឆក) បានខិតខំប្រឹងប្រែងសហការជាមួយក្រសួងពាក់ព័ន្ធ និងអាជ្ញាធរថ្នាក់ក្រោមជាតិ (ក្រុមការងារខេត្ដ) រិះរកកៀរគររកមូលនិធិ និងស្នើសុំកញ្ចប់ថវិកាពីរាជរដ្ឋាភិបាល ក្នុងការររៀបចំដោះស្រាយបញ្ហាទឹកកខ្វក់ហូរចូលសមុទ្រ (ទឹកស្អុយ) ដោយបានធ្វើស្ថានីយ៍បូមបណ្ដាក់ចំនួន៤កន្លែង នៅក្នុងក្រុងព្រះសីហនុ ដើម្បីបូមទឹកខ្វក់ទៅចូលអាងចម្រោះនៅអូឈើទាល រួមទើបបង្ហូរទៅសមុទ្រ។
លោកបន្តថា ស្ថានីយ៍ទី១៖ នៅឆ្នេរឯករាជ្យ, ទី២៖ នៅក្រោយសណ្ឋាគារសុខាប៊ិច, ទី៣៖ នៅអូរសំអាត និងស្ថានីយ៍, ទី៤៖ នៅឆ្នេរអូរឈើទាល ស្ថានីយ៍ទាំងបួន ត្រូវបានរៀបចំសាងសង់ឡើង អស់រយៈពេល៤ខែមកហើយ។ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ក្រុមការងារចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងបូមសាកល្បងបានដោយជោគជ័យ ហើយគ្រោងដាក់ឲ្យដំណើរការបូមជាផ្លូវការ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា។
ស្ថានីយ៍ទី១ បូមទម្លាក់ទៅទី២ ទី២ បូមទម្លាក់ទៅ ទី៣ ស្ថានីយ៍ទី៣ និងស្ថានីយ៍ទី៤ បូមទម្លាក់ទៅអាងចម្រោះមេកានិកធំនៅអូរឈើ ១៦ហិកតា។ ស្ថានីយ៍អាងចម្រោះនេះ ដែរក្រសួងសាធារណការ និងដឹកជញ្ជួន កំពុងរៀបចំបំពាក់មេកា និកដើម្បីបង្កើនសមត្ថភាពចម្រោះ ពី៥.៧០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ទៅដល់ ២៥០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។
លោកបញ្ជាក់បន្ថែម ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឲ្យបានជ្រាបថា ចាប់ពីខែមេសា ឆ្នាំ២០១៩នេះតទៅ បញ្ហាទឹកកខ្វក់ ឬទឹកស្អុយហូរចូលទៅសមុទ្រនឹងលែមានទៀតហើយ។
បញ្ហាទឹកកខ្វក់ហូរចូលសមុទ្រកន្លងទៅនេះ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្នាក់ជាតិ (អន្តរក្រសួង) និងថ្នាក់ក្រោមជាតិ (ខេត្តព្រះសីហនុ) បានខិតខំស្វែងរកដំណោះស្រាយរហូតបានសាងសង់ស្ថនីយ៍បូមបណ្ដាក់នេះឡើង សម្រាប់ដោះស្រាយបញ្ហាទឹកកខ្វក់ហូរទៅបំពុលទឹកសមុទ្រ និងឆ្នេរនេះ។
គួររំឭកផងដែរថា គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា គឺត្រូវបានបង្កើតឡើងជាអន្ដរក្រសួង ដែលមាន៖ ក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជាប្រធាន ក្រសួងទេសចរណ៍រដ្ឋមន្ត្រី ថោង ខុន ជាអនុប្រធាន ក្រសួងបរិស្ថាន រដ្ឋមន្ត្រី សាយ សំអាល់ ជាអនុប្រធាន ក្រសួងសាធារណការ និងដឹកជញ្ជួន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រសួងធនធានទឹក និងឧតុនិយមរដ្ឋមន្ត្រី លឹម គានហោ សមាជិកពាក់ព័ន្ធជាច្រើនទៀតផងដែរ៕