(ឧត្តរមានជ័យ)៖ ក្រោយពីមានការបង្ហោះតាមបណ្តាញសង្គម Facebook អាខោនឈ្មោះ «ផុស ផុស» ដោយបានសរសេរចំណងជើងថា «អញចង់ធ្វើអញ្ចឹងទើស ក្បាលអាណា» និងមានពាក់ឯកសណ្ឋានជាកម្លាំងនគរបាលនោះ ភ្លាមៗកម្លាំងនគរបាលខេត្តឧត្តរមានជ័យ បានធ្វើការស្រាវជ្រាវរកទីតាំង រហូតឈានដល់ការឃាត់ខ្លួនបានសម្រេច និងដកហូតបានវត្ថុតាងគ្រឿងញៀនមួយចំនួន។

នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ ដោយបានទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូង កម្លាំងផែននគរបាលព្រហ្មទណ្ឌសហការជាមួយកម្លាំងក្រុងដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡឹក សុខា បានធ្វើការស្រាវជ្រាវឃាត់ ខ្លួនជនសង្ស័យខាងលើនេះ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តបានប្រាប់ឲ្យដឹងថា ជនដែលបានបន្លំស្លៀកឯកសណ្ឋានប្រយុទ្ធរបស់នគរបាលជាតិ និងដាក់ថ្នាំញៀនពីមុខរួចថតបង្ហោះនៅលើអាខោន ដែលមានឈ្មោះ «ផុស ផុស» ដោយបានសរសេរចំណងជើងថា «អញចង់ធ្វើអញ្ចឹងទើស ក្បាលអាណា»។ ជនសង្ស័យឈ្មោះ ឈ្មោះ ភឿ ផុស អាយុ២៩ឆ្នាំ រស់នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោកស្នងការខេត្តបន្តថា នៅក្នុងប្រតិបត្តិការឃាត់ខ្លួន កម្លាំងបានធ្វើការឆែករកឃើញ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនICE ១កញ្ចប់តូច សំភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ,ទូរសព្ទ័ដៃ ៤គ្រឿង ឧប្បករណ៍ឆក់ត្រី១គ្រឿង។

បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរ និងរៀបចំសំណុំរឿង និងវត្ថុតាងទាំងអស់បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕