(ភ្នំពេញ)៖ បញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសឡាវ ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ មិនមានការព្រួយបារម្ភទៅលើបញ្ហាសង្រ្គាមនៅតាម ព្រំដែនអស់ទេ ដោយសារតែមេដឹកនាំនៃប្រទេសទាំងពីរ មានភាពវៃឆ្លាតក្នុងការដឹកនាំ ពិសេសគឺការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងទៅកាន់លោក អេម ផាយគីនដាវង្ស ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ប្រចាំកម្ពុជា ក្នុងឱកាសដែលលោកទូតចូលជួបសម្តែងការគួរសមជាមួយ អភិបាលរាជធានីនាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។

លោក ឃួង ស្រេង ក្នុងឱកាសជំនួបសម្តែងការគួរសមនោះ បានលើកឡើងពីទំនាក់ទំនង នៃប្រទេសទាំងពីរកម្ពុជាឡាវ ដែលមានភូមិផងរបងជាមួយគ្នាជាយូរលង់មកហើយ។ លោកបានបន្តថា ទីក្រុង ភ្នំពេញ និងទីក្រុងវៀងច័ន្ទ បានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាក្នុងឆ្នាំ២០១៤ ដើម្បីឲ្យទីក្រុងទាំងពីរក៏ដូចជាប្រទេសទាំងពីរ មានកិច្ចប្រតិបត្តិការរវាងគ្នាកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត។

លោក ឃួង ស្រេង ក្នុងឱកាសនោះដែរក៏បានលើកឡើងពី ពីការអភិវឌ្ឍរីកចម្រើនរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ។ ទន្ទឹមនឹងនោះលោក ក៏បានលើកឡើងពីភាពអសកម្មមួយចំនួន នៅក្នុងរាជធានីភ្នំពេញផងដែរ ដូចជា បញ្ហាប្រឈមទៅនឹងការកកស្ទះចរាចរណ៍បញ្ហាសំរាមដែលរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងយកចិត្តទុកដាក់ដើម្បីធ្វើការដោះស្រាយ។

អ្វីដែលជាការប្រសើរមួយទៀតនោះ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ យើងបាននិងកំពុងដាក់ឲ្យដំណើរការ ច្រកចេញចូលតែមួយដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ កាន់តែប្រសើរឡើង។

ក្នុងជំនួបនោះដែរលោក ឃួង ស្រេង តាមរយៈលោកឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ប្រចាំកម្ពុជា សូមអញ្ជើញ អភិបាលទីក្រុងវៀងច័ន្ទ មកទស្សនកិច្ចនៅទីក្រុងភ្នំពេញ នៅពេលដ៏សមគួរមួយ។

លោក អេម ផាយគីនដាវង្ស បានលើកឡើងថា រវាងប្រទេសកម្ពុជា និងប្រទេសឡាវ គឺពិតជាមានទំនាក់ទំនងល្អជាមួយគ្នា តាំងពីយូរលង់ណាស់មកហើយ ដោយសារតែប្រទេសយើងជាប្រទេស ដែលនៅជិតខាងនឹងគ្នា លោកចង់ឲ្យទំនាក់ទំនងជិតស្និទ្ធនេះកាន់តែល្អបន្ថែមទៀត។

ក្នុងឱកាសនោះដែរលោកអេម ផាយគីនដាវង្ស ក៏បានសំណូមពរឲ្យអាជ្ញាធររាជធានីភ្នំពេញជួយមើលថែ ដូចជាការពារសន្តិសុខដល់និស្សិត ក៏ដូចជាអ្នកវិនិយោគទុនឡាវ ដែលបាននិងកំពុងសិក្សា និងរកស៊ីនៅរាជធានីភ្នំពេញ ខណៈដែររាជធានីភ្នំពេញបាននិងកំពុងអភិវឌ្ឍ រីកចម្រើនយ៉ាងខ្លាំង ពិសេសក្នុងដំណាក់កាលចុងក្រោយនេះមានអគារខ្ពស់ៗរីកដូចផ្សិត៕