(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ បានឃាត់ខ្លួនជនជាតិវៀតណាម១២នាក់ បានលួចឆ្លងដែនចូលមកស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ ប្រើប្រាស់ឯកសារថតចម្លង និងគ្មានលិខិតឆ្លងដែនជាប់ខ្លួន។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះក្រោមការសម្របសម្រួលដោយលោក ខាំ សុផារី ព្រះរាជអាជ្ញារងរាជធានី ភ្នំពេញ និងសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យជនបរទេសនៅចំណុច ម្តុំហាងផ្ទះម៉ាស្សា ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
លោកប្រធាននាយកដ្ឋានរូបនេះ បានបញ្ជាក់ថា ក្រុមប្រតិបត្តិការចម្រុះបានបញ្ជូនជានជាតិវៀតណាមចំនួន ១២នាក់ ស្រី ១០នាក់ ខាងលើ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីបន្ត៕