(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាភ្លាមៗឲ្យលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ ដឹកនាំកម្លាំងមន្ត្រីពាក់ព័ន្ធនានា សហការជាមួយជំនាញរដ្ឋបាលព្រៃឈើ ចុះបង្ក្រាបរថយន្ត ធុនធ្ងន់១គ្រឿង ម៉ាក HYUNDIA ពាក់ស្លាកលេខ តាកែវ 3A-3069 ដឹកដំឡូងមីពីខាងលើ លួចបង្កប់ឈើប្រណិតពីក្រោម ស្ថិតនៅក្នុងដេប៉ូសិប្បកម្មកែច្នៃ ផលអនុផលឈើ តុ-ទូ គ្រែគ្រប់ប្រភេទ មួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣០៧ ក្នុងភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ។
លោកអភិបាលរងខណ្ឌ ស៊ូ សោគន្ធ ដែលជាអ្នកដឹកនាំកម្លាំងផ្ទាល់ បានបញ្ជាក់ថា នៅក្នុងកិច្ច ប្រតិបត្តិការតាមបង្ក្រាបរថយន្ដធុនធំដឹកដំឡូងមី និងមានលួចបង្កប់ឈើប្រណិត គឺបានអនុវត្តឡើង បន្ទាប់ពីមានប្រជាពលរដ្ឋរស់នៅក្នុងភូមិ-សង្កាត់មួយនេះ បានផ្ដល់សេចក្ដីរាយការណ៍ឲ្យសារព័ត៌មានក្នុងស្រុក ដើម្បីចុះផ្សាយចោទអាជ្ញាធរខណ្ឌឫស្សីកែវ ថាមិនបានអើពើចំពោះរថយន្តធុនធំដឹកឈើហ៊ុប បំផ្លាញផ្លូវ ដែលសាលារាជធានីភ្នំពេញ បានសាងសង់ជូនពួកគាត់សម្រាប់ធ្វើដំណើរឡើយ។
លោក ស៊ូ សោគន្ធ បានបញ្ជាក់ទៀតថា នៅកិច្ចសហការនេះដែរ ក្រៅពីបង្ក្រាប និងឃាត់យករថយន្ដធុនធ្ងន់១គ្រឿងមករក្សាទុកនោះ រដ្ឋបាលខណ្ឌឫស្សីកែវ បានសម្រេចដកហូតឈើប្រណិតមួយចំនួន ប្រគល់ឲ្យជុំនាញរដ្ឋបាលព្រៃ ដើម្បីបន្តអនុវត្តតាមនិតិវិធី។
បន្ថែមពីនេះ លោក ជា ពិសី បានបញ្ជាក់ថា ជាក់ស្ដែងផ្លូវបេតុង១ខ្សែ ស្ថិតក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាកនេះ ដាច់ខាតមិនអនុញាតឲ្យរថយន្ដធុនធ្ងន់ បើកបរឆ្លងកាត់ឡើយ ព្រោះសាលារាជធានីភ្នំពេញ ទើបនឹងសាងសង់រួចរាល់ជាស្ថាពរ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងមានលក្ខណៈមិនទាន់គ្រប់អាយុកាល ដែលអាចធ្វើចរាចរបាន៕