(កំពត)៖ លោក ញ៉ែម សូភឿង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងជំរុញឱ្យមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវតែបន្តពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ការការពារជាសកល និងបង្ក្រាបរាល់បទល្មើសផ្សេងៗទៀត ដែលទាក់ទងនឹងសេវាសុខាភិបាលឱ្យបានជាប់ជាប្រចាំ។
លោក ញ៉ែម សូភឿង បានថ្លែងយ៉ាងដូចនេះ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ២០១៨ និងលើកទិសដៅផែនការអនុវត្តបន្តឆ្នាំ២០១៩ របស់មន្ទីរសុខាភិបាលខេត្តកំពត។
នៅក្នុងពិធីនេះក៏មានការចូលរួមពីលោក លោក ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត លោកកស្រី មុយ វិរ័ត្ន នាយករងរដ្ឋបាលសាលាខេត្តកំពត តំណាង លោក ជាវ តាយ អភិបាលខេត្តកំពត រួមទាំងមន្ត្រីសុខាភិបាលជាច្រើនរូបទៀតផងដែរ។
លោក ញា ប៊ុនថន បានបញ្ជាក់ក្នុងរបាយការណ៍ថា ការងារសុខាភិបាលខេត្តក្នុងឆ្នាំ២០១៨កន្លងទៅនេះ ក្រោមការចង្អុលបង្ហាញពីក្រសួងសុខាភិបាល និងមានការយកចិត្តទុកដាក់ ណែនាំផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍនានាក្នុងខេត្ត បានធ្វើឱ្យមន្ទីសុខាភិបាលខេត្តកំពត មានឱកាស និងលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្ដល់សេវាសុខាភិបាល បានកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល សម្រេចបាននូវអត្រាគ្របដណ្ដបខ្ពស់ និងកាត់បន្ថយជាអតិបរមា នូវអត្រាស្លាប់របស់មាតា ទារក និងកុមារ ការឈឺ និងស្លាប់ដោយសារជំងឺឆ្លងគួជាទីមោទនៈ។
លោក ញ៉ែម សូភឿង បានថ្លែងថា អង្គសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលខេត្តកំពត ដែលមានរយៈពេលមួយថ្ងៃនេះ ពិតជាមានសារៈសំខាន់ ដើម្បីឆ្លុះបញ្ជាំង នូវស្មារតី សាមគ្គីភាព និងការចូលរួមសហការគាំទ្រ ពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រសួងមន្ទីរពាក់ព័ន្ធនានា អង្គការជាតិ អន្តរជាតិ ព្រមទាំងការចូលរួមពីអ្នកស្ម័គ្រចិត្តពាក់ព័ន្ធផ្សេងទៀត និងប្រជាពលរដ្ឋផងដែរ។
លោក ញ៉ែម សូភឿង ក៏បានផ្ដាំផ្ញើ ដល់សមាជិកអង្គសន្និបាតទាំងមូលក៏ដូចមន្ត្រីសុខាភិបាល គ្រប់លំដាប់ថ្នាក់ត្រូវតែបន្តពង្រឹងបន្ថែមទៀត និងត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ការការពារជាសកល និងបង្ក្រាបរាល់បទល្មើសផ្សេងៗទៀត ដែលទាក់ទងនឹងសេវាសុខាភិបាលឱ្យបានជាប់ជាប្រចាំ ហើយលោកក៏បានបន្តផ្ដាំផ្ញើឱ្យបន្តយកចិត្តទុកដាក់ បង្កើនកិច្ចសហការគ្នាឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីឈានទៅសម្រេចទិសដៅ ការងារសុខាភិបាលក្នុងឆ្នាំ២០១៩ ឱ្យបានកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលព្រមទាំងមានជំនឿពី ប្រជាពលរដ្ឋក៏ដូចជា អតិថិជនថែមទៀតផងដែរ៕