(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិតិ្តយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៥០គ្រួសារ ក្នុងសង្កាត់ព្រៃវែង។

អំណោយដែលត្រូវបានចែកជូនរួមមាន៖ អង្ករ ៣០គីឡូក្រាម, ឆ្នាំង ឬចានស្រាក់ ០១, គ្រឿងឧបភោគបរិភោគ ០៥មុខផ្សេងទៀត និង ថវិកា ៣០,០០០ រៀល។ ក្នុងនោះ ព្រះគ្រូចៅអធិការវត្តព្រៃវែង ក៏បានចូលរួមចំណែកឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ ក្នុង០១គ្រួសារ ០១កញ្ចប់ផងដែរ។

ក្នុងឱកាសនោះ លោក បាន នាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូន ប្រជាពលរដ្ឋក្រីក្រទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងពីរ តែងបានគិតគូរអំពីសុខទុក្ខ និងយកចិត្តទុកដាក់ ចំពោះ ប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន ជាពិសេសចំពោះពលរដ្ឋក្រីក្រ ជួបការលំបាក ទុរគតជន ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ជាដើម ហើយសម្តេចទាំងទ្វេរបានផ្តាំផ្ញើ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូន ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។

លោកអភិបាល ក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិយើង ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំ របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចបានខិតខំតស៊ូរំដោះប្រទេសពី របបប្រល័យពូជសាសន៍ អភិវឌ្ឍន៍ជាតិឲ្យបានរីកចម្រើនលើគ្រប់វិស័យ ក្រោមដំបូលសន្តិភាព។

ជាមួយគ្នា លោក នុត ពុធដារ៉ា ក៏បានផ្តាំផ្ញើ ឲ្យប្រជាពលរដ្ឋទាំងអស់ ពិសេសលោក តា លោកយាយ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យការរស់នៅ ដើម្បីរស់នៅបានយូរអង្វែង មើលការអភិវឌ្ឍន៍រីកចម្រើនរបស់ជាតិយើងបន្តទៀត៕