(កំពង់ធំ)៖ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលពហុបច្ចេកទេសចំនួន២០ ក្នុងចំណោម៣៩ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានការទទួលស្គាល់ ការគ្រប់គ្រងគុណភាពអប់រំពីអន្តរជាតិ ហៅកាត់ថា ISO ដើម្បីកំណត់នូវស្តង់ដាមួយប្រកបដោយគុណភាព ដែលអាចទទួលយកបានទាំងគុណភាព ផលិតភាពការងារ និងជំនាញ ឈានទៅរកការកាត់បន្ថយនូវភាពក្រីក្រ និងចំណាកស្រុក ព្រមទាំងការបង្កើតមុខរបរមួយពិតប្រាកដ របស់ប្រជាពលរដ្ឋក្នុងសង្គមកម្ពុជា។
ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រ គ្រប់គ្រងគុណភាពស្តង់ដា ISO 9001; 2015 នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ លោកបណ្ឌិត ពេជ សោភ័ណ រដ្ឋមន្រ្តីស្តីទីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ បានលើកឡើងថា ការទទួលស្គាល់ការគ្រប់គ្រងគុណភាពអប់រំស្តង់ដាអន្តរជាតិ 9001 2015 ដែលហៅកាត់ថា ISO នេះ គឺជាមោទនភាពមួយរបស់គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជជីវៈ។ ការទទួលស្គាល់នេះ នឹងឈានទៅរកការទទួលស្គាល់ទាំងគុណភាព ផលិតភាព ប្រសិទ្ធភាព ជាពិសេសគឺសមត្ថភាព មានការកើនឡើង ដែលស្របទៅនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើផ្តោតសំខាន់លើគុណភាព និងប្រសិទ្ធភាពអប់រំតាមស្តង់ដាអន្តរជាតិ ដើម្បីអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចម្រើន។
លោកបណ្ឌិតបន្តថា ការអប់រំថ្នាក់បច្ចេកទេសនេះ គឺជាការបណ្តុះបណ្តាលនូវជំនាញមួយដ៏ពិតប្រាកដ អាចបង្កើនទាំងផលិតភាព គុណភាព ប្រសិទ្ធភាព និងបរិមាណលើផលិតផល ដែលធ្វើការផលិតគ្រប់ប្រភេទ ដែលជាគោលដៅចំបងរបស់នយោជក ជាពិសេសគឺជាការជួយកាត់បន្ថយភាពភាពក្រីក្រ អត់ការងារធ្វើ និងបញ្ហាចំណាកស្រុក ទៅបម្រើការងារនៅបរទេសផងដែរ។
ជាមួយគ្នានេះលោក ឯក ហៀង នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ បានលើកឡើងដែរថា នៅក្នុងការអនុវត្តគម្រោងពង្រឹងសមត្ថភាព វិស័យអប់រំបច្ចេកទេស និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ក្រោមការគាំទ្រពីអង្កការក្រៅរដ្ឋាភិបាល និងរាជរដ្ឋាភិបាលកម្ពុជាដោយផ្ទាល់ កំពុងអនុវត្តន៍លើឃុំចំនួន៣៦ ក្នុងខេត្តកំពង់ធំ លើផ្នែកកសិកម្ម ដែលធ្វើការ បណ្តុះបណ្តាលនៅ តាមមូលដ្ឋានដោយផ្ទាល់លើជំនាញកសិកម្ម ការបណ្តុះបណ្តាលនៅតាមសហគ្រាស ដែលយើងឲ្យក្រុមប្រជាពលរដ្ឋទៅរៀន នៅជិតផ្ទះរបស់ពួកគាត់ ដែលមានមជ្ឈមណ្ឌលជាអ្នកចេញថ្លៃឈ្នួលរៀន ជំនួសសិស្ស និងការបណ្តុះបណ្តាលនៅវិទ្យាស្ថានដោយផ្ទាល់ លើជំនាញដូចជា កែសម្ភស្ស និងសំអាងការ, ជាងកាត់ដេរ និងជាងជួសជុលម៉ូតូជាដើម ហើយទាំងអស់នេះ គឺធ្វើឲ្យពួកគាត់ មានជំនាញ ដែលឈានទៅរកការមានមុខរបរមួយពិតប្រាកដ និងទទួលប្រាក់កម្រៃខ្ពស់៕