Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តព្រះសីហនុ ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅតំបន់សេដ្ឋកិច្ចពិសេសម៉ាកាវ ប្រទេសចិន

27-03-2019 15:35

(ព្រះសីហនុ)៖ លោក យន្ដ មីន អភិបាល ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីក្រោមឱវាទ នៃរដ្ឋបាលខេត្ត អញ្ជើញទៅទស្សនកិច្ចផ្លូវការ នៅតំបន់សេដ្ឋកិច្ចពិសេសម៉ាកាវ ប្រទេសចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩។ ដំណើរទស្សនកិច្ចនេះ តបតាមការអញ្ជើញ របស់ប្រធានរដ្ឋបាល តំបន់ពិសេសម៉ាកាវ តាមរយៈស្ថានទូតចិន និងអភិបាលខេត្តហៃណាន ប្រទេសចិន។

ដំណើរទស្សនកិច្ច របស់គណៈប្រតិភូរដ្ឋបាលខេត្តព្រះសីហនុ ដែលដឹកនាំដោយ លោក យន្ត មីន លើកនេះ គឺជាទស្សនកិច្ចសិក្សាលើកទី៥ ថ្នាក់អភិបាលក្រុង នៃប្រទេសជិតខាងចិន នៅតំបន់រដ្ឋបាលពិសេសម៉ាកាវ ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការរបស់រដ្ឋបាលម៉ាកាវ ជាមួយបណ្តាដៃគូអភិវឌ្ឍន៍នានា លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌។

ព្រមជាមួយគ្នានេះ លោក យន្ត មីន នឹងដឹកនាំប្រតិភូនៃរដ្ឋបាលខេត្តព្រះសីហនុ ទៅចូលរួមកិច្ចប្រជុំក្នុងវេទិកាប៉អាវ និងវេទិកាសន្ទនា របស់អភិបាលខេត្ត-ក្រុង ប្រទេសចិន និងអាស៊ាន ស្តីពីការលើកកម្ពស់ការតភ្ជាប់អាស៊ាន-ចិន ដើម្បីសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការវប្បធម៌ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ផងដែរ។

ថ្លែងនៅក្នុងវេទិកាតាមកម្មវិធីទី១ នៅតំបន់រដ្ឋបាលពិសេស នៅព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៩ លោក យន្ត មីន បានថ្លែងកោតសរសើរ ចំពោះសិទ្ធិផលនានារបស់ប្រទេសចិន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជីនពីង និងបានអំពាវនាវដល់អ្នកវិនិយោគទុន នៃទីក្រុងម៉ាកាវ និងប្រទេសចិន រួមទាំងប្រទេសនានា ក្នុងតំបន់អាស៊ាន ឲ្យចូលមកបណ្តាក់ទុន និងទស្សនាខេត្តព្រះសីហនុ ឲ្យបានច្រើននាបណ្តាឆ្នាំខាងមុខ។

នាឱកាសនោះ លោក យន្ដ មីន បានលើកឡើងអំពីសក្តានុពល លើវិស័យទេសចរណ៍ វិស័យសេដ្ឋកិច្ច និងវិស័យឧស្សាហកម្មជាដើម សម្រាប់បើកផ្លូវ ដល់អ្នកវិនិយោគទុនពីគ្រប់ប្រទេស ជាពិសេសអ្នកវិនិយោគទុនប្រទេសចិន ឲ្យងាកទៅចាប់អារម្មណ៍ និងចុះទៅសិក្សាលើគម្រោងវិនិយោគផ្សេងៗឲ្យបានច្រើន ហើយរដ្ឋបាលខេត្តព្រះសីហនុ នឹងរង់ចាំស្វាគមន៍ដោយការទទួលខុសត្រូវខ្ពស់៕