(កំពត)៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ មន្ទីរសុខាភិបាលខេត្តកំពត បានបើកសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ២០១៨ និងលើកទិសដៅផែនការអនុវត្តបន្តឆ្នាំ២០១៩ ក្រោមអិបតីភាពលោក ញ៉ែម សូភឿង អនុរដ្ឋលេខាធិការតំណាងលោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ក្នុងអង្គសន្និបាតនេះលោក ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ថា ការងារសុខាភិបាលខេត្តក្នុងឆ្នាំ២០១៨កន្លងទៅនេះ ក្រោមការចង្អុលបង្ហាញពីក្រសួងសុខាភិបាល និងមានការយកចិត្តទុកដាក់ណែនាំផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍនានាក្នុងខេត្ត បានធ្វើឲ្យមន្ទីរ សុខាភិបាលខេត្តកំពត មានឱកាស និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្ដល់សេវាសុខាភិបាលបានកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលសម្រេចបាននូវអត្រាគ្របដណ្ដប់ខ្ពស់ និងកាត់បន្ថយជាអតិបរមានូវអត្រាស្លាប់របស់មាតា ទារក និងកុមារ ការឈឺនិងស្លាប់ដោយសារជំងឺឆ្លងគួជាទីមោទនៈ។
ដោយសម្រេចបានស្របតាមសូចនាករជាក់ស្ដែងរួមមាន ផ្នែកសុខភាពមាតា ទារក និងកុមារ ផ្នែកប្រយុទ្ធជំងឺឆ្លង ផ្នែកជំងឺមិនឆ្លង និងផ្នែកពង្រឹងប្រព័ន្ធសុខាភិបាល សំដៅឆ្លើយតបបានល្អ ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព។
លោកស្រី មុយ វិរ័ត្ន នាយករងរដ្ឋបាលសាលាខេត្ត ក្នុងនាមតំណាងលោក ជាវ តាយ អភិបាលខេត្តបានថ្លែងការកោតសរសើរដល់មន្ត្រីសុខាភិបាល គ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ដែលបានបម្រើវិជ្ជាជីវៈសេវាសុខាភិបាល ក្នុងស្មារតីឆន្ទៈទទួលខុសត្រូវខ្ពស់ និងបានវាយតម្លៃខ្ពស់ផងដែរ ចំពោះលទ្ធផលការងារដែលមន្ទីរសុខាភិបាលខេត្តកំពត សម្រេចបានក្នុងរយៈពេលមួយឆ្នាំ២០១៨កន្លងមក មានការកើនឡើងធ្វើឲ្យប្រជាពលរដ្ឋក៏ដូចជាអតិថិជន ចូលមកប្រើប្រាស់សេវាសុខាភិបាល ក្នុងខេត្តឆ្លើយតបនឹងលទ្ធផល បានកាន់តែប្រសើរឡើង។
លោក ញ៉ែម សូភឿង បានចាត់ទុកអង្គសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលខេត្តកំពត ដែលមានរយៈពេលមួយថ្ងៃនេះពិតជាមានសារៈសំខាន់ ដើម្បីឆ្លុះបញ្ជាំង នូវស្មារតី សាមគ្គីភាព និងការចូលរួមសហការគាំទ្រ ពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្រសួង មន្ទីរ ពាក់ព័ន្ធនានា អង្គការជាតិ អន្តរជាតិ ព្រមទាំងការចូលរួមពីអ្នកស្ម័គ្រចិត្តពាក់ព័ន្ធផ្សេងទៀត និងប្រជាពលរដ្ឋផងដែរ។
លោក ញ៉ែម សូភឿង ក៏បានផ្ដាំផ្ញើដល់សមាជិកអង្គសន្និបាតទាំងមូលក៏ដូចជាមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវតែបន្តពង្រឹងបន្ថែមទៀត លើការគោរពក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ការការពារជាសកល និងបង្ក្រាបរាល់បទល្មើសផ្សេងៗទៀត ដែលទាក់ទងនឹងសេវាសុខាភិបាលឲ្យបានជាប់ជាប្រចាំ។
លោក ញ៉ែម សូភឿង ក៏បានបន្តផ្ដាំផ្ញើឲ្យបន្តយកចិត្តទុកដាក់បង្កើនកិច្ចសហការគ្នាឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីឈានទៅសម្រេចទិសដៅការងារសុខាភិបាលក្នុងឆ្នាំ២០១៩ ឲ្យបានកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលព្រមទាំងមានជំនឿ ពីប្រជាពលរដ្ឋក៏ដូចអតិថិជនថែមទៀតផងដែរ៕