(ភ្នំពេញ)៖ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នៅព្រឹកថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ឋស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ អញ្ជើញជួបប្រជុំពីភាក្សាជាមួយគណៈកម្មការទី៧ នៃព្រឹទ្ធសភាដែលដឹកនាំដោយលោក ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ អប់រំ យុវជន កីឡា ធម្មការ កិច្ចសាសនា វប្បធម៌ និងទេសចរណ៍ នៃព្រឹទ្ធសភា នៅវិមានព្រឹទ្ឋសភា។
ស្ថិតក្នុងបរិយាកាសនោះផង ទេសរដ្ឋមន្ត្រីបានធ្វើរបាយការណ៍រួមជូនគណៈកម្មការទី៧ ដើម្បីជ្រាប ក្រសួងធម្មការ និងសាសនា បាននឹងកំពុងបន្តអនុវត្តគោលនយោបាយសាសនា ជាពិសេសវិស័យ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាគ្រឹះដ៏សំខាន់នៃការសិក្សាអប់រំផ្នែកស្មារតី សីលធម៌ វប្បធម៌ សង្គម ប្រពៃណី ទំនៀមទម្លាប់ អក្សរសាស្រ្តសាសនា និងការអភិវឌ្ឍសង្គមជាដើម។
ទន្ទឹមនេះ ដើម្បីបានចូលរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិបច្ចុប្បន្នកម្ម២០១៤-២០១៨ ជាពិសេស អនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥ នៃរដ្ឋសភា ក្រសួងធម្មការនិងសាសនាមានគោលនយោបាយធំៗពីរគឺ៖
*ទី១៖ ពង្រឹងតម្លៃគ្រួសារ និងសាសនា ដើម្បីលើកកម្ពស់សីលធម៌រស់នៅល្អក្នុងសង្គម
*២៖ ពង្រឹង និងពង្រីកការអប់រំពុទ្ធិកសិក្សា និងអភិវឌ្ឍស្ថាប័ន។
ក្រសួងបានធ្វើសកម្មភាពសំខាន់ៗដូចខាងក្រោម៖
*រៀបចំនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមនៅថ្នាក់កណ្តាល និងរាជធានី-ខេត្តសម្រាប់ផ្សព្វផ្សាយ តាមវិទ្យុ និងទូរស្សន៍
*ផលិតឌីវីឌី វីស៊ីឌី ឌីវីខេម និងចងក្រងឯកសារអប់រំផ្សព្វផ្សាយនិងនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម
*បើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យ-អាចារិនី ក្នុងប្រពៃណីទំនៀមទម្លាប់ ពង្រឹងការថែរក្សាមរតកប្រពៃណី និងទំនៀមទម្លាប់ក្នុងវិស័យពុទ្ធចក្រ
*ចុះផ្សព្វផ្សាយ ស្តីពីតួនាទីភារកិច្ចអាចារ្យ គណកម្មការវត្ត ចៅអធិការវត្ត និងថេរសភា
*បោះពុម្ពសៀវភៅមហាសង្ក្រាន្ត ប្រតិទិន ទស្សនាវដ្តី ប្រវត្តិវត្តអារាម
*រៀបចំពិធីបុណ្យព្រះពុទ្ធសាសនា និងពិធីបុណ្យផ្សេងៗ
*ចងក្រងស្ថិតិវត្តអារាម និងស្ថិតិព្រះសង្ឃ។
ក្នុងនោះ ក្រសួងបានសម្របសម្រួល និងផ្តល់សេវាដល់ពាហិរសាសនាឱ្យមានដំណើរការល្អ មានសាមគ្គីភាព ចូលរួមអភិវឌ្ឍន៍សង្គម ប្រកបដោយសុខដុមនីយកម្មរវាងសាសនា និងសាសនា និងបានបំផុសចលនាដល់អង្គការសមាគមក្រុមប្រឹក្សាពាហិរសាសនា ឱ្យចូលរួមអភិវឌ្ឍន៍ប្រទេសជាតិតាមរយៈការជួយឧបត្ថម្ភជាសម្ភាថវិកាដល់ប្រជាជនក្រីក្រ។
បន្តផ្សព្វផ្សាយខ្លឹមសារអត្ថបទសាសនា អក្សរសាស្រ្ត ឧទ្ទេសកថា សិក្ខាសាលា ស្នាដៃចាស់ថ្មី ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ អរិយធម៌ អក្សរសាស្រ្តសាសនា និងប្រវត្តសាស្រ្តខ្មែរ។
*ស្រាវជ្រាវ និងរៀបចំចងក្រងអត្ថបទដែលដកស្រង់ចេញពីសិលាចារឹក និងសាស្រ្តាស្លឹករឹក។
*ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាអង្គការជាតិ និងអន្តរជាតិ ដើម្បីធ្វើការប្រមូលផ្តុំឯកសារគ្រប់ប្រភេទ និងការងារដែលបម្រើដល់សកម្មភាពពុទ្ធសាសនបណ្ឌិត្យ ។ រៀបចំវត្តអារាម និងវិហារសាសនានានា ឱ្យក្លាយជាមជ្ឈមណ្ឌលអប់រំខាងផ្នែកស្មារតី សីលធម៌ វប្បធម៌ សង្គមកិច្ច និងទេសចរណ៍។
*ស្រាវជ្រាវ ចងក្រងសាស្ត្រាស្លឹករិត។
*រៀបចំវត្តបេតិកភ័ណ្ឌជាតិ ទៅជារមណីយដ្ឋានទេសចរណ៍សាសនា រក្សាឱ្យបាននូវសុខដុមនីយកម្មនិងសេរីភាពខាងជំនឿសាសនាទាំងអស់៕